(ប៉េកាំង)៖ នាព្រឹកថ្ងៃចន្ទនេះ ចិនបានបញ្ជូនអវកាសយានិក៣នាក់ ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន សម្រាប់ការផ្លាស់វេនស្នាក់នៅ ខណៈវាគឺជាបេសកកម្មជើងទី៥ហើយ នៃការបញ្ជូនក្រុមអវកាសយានិកចិន ទៅកាន់ទីនោះ គិតចាប់តាំងតែពីឆ្នាំ២០២១មក។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

យាន សិនចូវ-១៦ (Shenzhou-16) ដែលផ្ទុកអវកាសយានិក៣នាក់ ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុក្កែតអវកាស Long March-2F ចេញពី​មជ្ឈមណ្ឌល Jiuquan Satellite Launch Centre ស្ថិតក្នុងតំបន់វាលខ្សាច់ហ្គោពី (Gobi) ភាគពាយព្យប្រទេសចិន កាលពីម៉ោង ៩៖៣១នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។ ក្នុងចំណោមអវកាសយានិកទាំង៣នាក់នោះ គឺរួមមានម្នាក់ជាជនស៉ីវិលលើកដំបូង ខណៈអវកាសយានិកទាំងអស់ ដែលចិនបានបញ្ជូនឡើងទីអវកាសនាពេលកន្លងមក សុទ្ធតែជាសមាជិកនៃកងកម្លាំងយោធា។ ពួកគេនឹងត្រូវទៅស្នាក់នៅ ហើយធ្វើការងារស្រាវជ្រាវនិងពិសោធន៍ផ្សេងៗ នៅក្នុងស្ថានីយអវកាស ធានហ្កុង (Tiangong) ជំនួសក្រុមអវកាសយានិក នៃបេសកកម្ម Shenzhou-15 ដែលបានស្ថិតនៅទីនោះតាំងតែពី​ខែវិច្ឆិកា ឆ្នាំមុនមក។

គួរបញ្ជាក់ថា ស្ថានីយអវកាសផ្ទាល់ខ្លួនខាងលើរបស់ប្រទេសចិន ត្រូវបានសាងសង់រួចរាល់កាលពីចុងឆ្នាំ២០២២ ក្រោយមានការចេញ​បេសកកម្មបញ្ជូនមនុស្ស និងបញ្ជូនសម្ភារសរុប១១ជើង ចាប់តាំងពីខែមេសា ឆ្នាំ២០២១មក។ នៅក្នុងឆ្នាំ២០២៣នេះ ក្រៅពីបេសកកម្ម Shenzhou-16 ចិនគ្រោងចេញបេសកកម្មបញ្ជូនមនុស្សមួយជើងទៀត ទៅកាន់ស្ថានីយអវកាសរបស់ខ្លួន។ បច្ចុប្បន្នស្ថានីយ Tiangong មានកំណាត់បន្ទប់ចំនួន៣ គឺបន្ទប់ស្នាក់នៅធំមួយ និងបន្ទប់ពិសោធចំនួន២ ហើយចិនក៏បានប្រកាសផែនការរួចហើយផងដែរ ដើម្បីពង្រីកចំនួនកំណាត់បន្ទប់បន្ថែមទៀត ដល់ស្ថានីយអវកាសនេះ នាពេលអនាគត៕