(ខាទុំ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ភាគីជម្លោះនៃការប្រយុទ្ធគ្នាដណ្តើមអំណាចនៅប្រទេសស៊ូដង់ បានយល់ព្រមបន្តសុពលភាព៥ថ្ងៃទៀត សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានអនុវត្តតាំងពីដើមសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

អារ៉ាប៊ីសាអូឌីតនិងសហរដ្ឋអាមេរិក ដែលជាអ្នកជួយសម្រុះសម្រួលឱ្យមានបទឈប់បាញ់ខាងលើ ដែលមានរយៈពេលដំបូង១សប្តាហ៍ បានប្រកាសមុនពេលវាត្រូវអស់សុពលភាពកាលពីយប់ថ្ងៃចន្ទថា ភាគីជម្លោះបានយល់ព្រម​បន្តសុពលភាពវា សម្រាប់រយៈពេល៥ថ្ងៃបន្ថែមទៀត។ ក្នុងសេចក្តីថ្លែងការណ៍រួម អារ៉ាប៊ីសាអូឌីតនិងអាមេរិក បាននិយាយថា ទោះបីជា​បទឈប់បាញ់នោះ ត្រូវបានអនុវត្តមិនពេញលេញទាំងស្រុងក៏ដោយ វាបានផ្តល់ឱកាសឱ្យមានការដឹកជញ្ជូនជំនួយទៅកាន់ ប្រជាជនខ្ទង់​២លាននាក់ ដែលត្រូវការពួកវា ហើយក៏បើកផ្លូវសម្រាប់កិច្ចពិភាក្សា អំពីលទ្ធភាពនៃការបន្តសុពលភាពក្នុងរយៈពេលវែងផងដែរ។

គួរបញ្ជាក់ថា កងកម្លាំងយោធានិងកងកម្លាំងទាហានបារ៉ា RSF នៃប្រទេសស៊ូដង់ បានជាប់ផុងក្នុងការដណ្តើមអំណាចគ្នា ដែលបានឈាន​ដល់ការផ្ទុះឡើង នូវជម្លោះបង្ហូរឈាម កាលពីថ្ងៃទី១៥ ខែមេសា។ មកទល់ពេលឥឡូវ មនុស្សរាប់នាក់បានបាត់បង់ជីវិត ដោយសារជម្លោះ ខណៈខ្ទង់១.៤លាននាក់ ត្រូវបានបង្ខំឱ្យខ្ចាត់ព្រាត់ពីផ្ទះសម្បែងរបស់ពួកគេ។ បទឈប់បាញ់១សប្តាហ៍មកនេះ បានជួយបន្ធូរបន្ថយការ​ប្រយុទ្ធខ្លាំងៗ ប៉ុន្តែការប៉ះទង្គិចគ្នាតូចៗនិងការវាយប្រហារតាមផ្លូវអាកាស នៅតែបានបន្តកើតមាន ជាពិសេស​កំលុងថ្ងៃចន្ទ មុនពេលបទឈប់បាញ់ត្រូវផុតសុពលភាព៕