(គែរ)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអេហ្ស៉ីប លោក អាប់ដែល ហ្វាតតា អាល់ស៉ីស៉ី (Abdel Fattah al-Sisi) និងប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បានព្រមព្រៀងគ្នាលើការចាប់ផ្តើម ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូត តាមរយៈការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតទៅវិញទៅមក។ នេះបើយោងតាមការដកស្រង់ផ្សាចេញ ពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

ការព្រមព្រៀងគ្នាខាងលើនេះធ្វើឡើងក្នុងជំនួបតាមទូរស័ព្ទ រវាងលោក ស៉ីស៉ី និងលោក អឺដូហ្កាន់ ដើម្បីអបអរជ័យជម្នះក្នុងការជាប់ឆ្នោត ប្រធានាធិបតីរបស់លោក អឺដូហ្កាន់។ រដ្ឋមន្ត្រីការបរទេសអេហ្ស៉ីប លោក សាម៉េហ៍ ស៊ូគ្រី (Sameh Shoukry) បានទៅបំពេញទស្សនកិច្ចនៅតួកគីកាលពីអំឡុងខែមេសា ហើយបានជួបរដ្ឋមន្រ្តីការបរទេសតួកគី លោក ម៉េលុត កាវ៉ូសូគ្លូ (Mevlut Cavusoglu) ដោយភាគីទាំងពីរបានព្រមព្រៀងគ្នា កំណត់ពេលវេលាជាក់លាក់ដើម្បីបង្កើនទំនាក់ទំនងការទូត និងរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា លោក កាវ៉ូសូគ្លូ ធ្លាប់បានលើកឡើងកាលពីខែមេសាថា ជំនួបរវាងប្រធានាធិបតី អាចនឹងធ្វើឡើងម្តងទៀត ក្រោយការបោះឆ្នោតរបស់តួកគី នៅថ្ងៃទី១៤ ខែឧសភា៕