(ស្រីណាហ្គា)៖ ឡានក្រុងដឹកអ្នកធម្មយាត្រាហិណ្ឌូ ធ្វើដំណើរទៅកាន់ទីសក្ការបូជាមួយក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា បានរអិលធ្លាក់ពីលើស្ពានផ្លូវហាយវេ ចូលទៅក្នុងជ្រលងភ្នំហិម៉ាឡៃ កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងរបួស ៥៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

ប៉ូលីសបាននិយាយថា រថយន្តក្រុងនេះបានធ្វើដំណើរទៅកាន់ទីប្រជុំជន Katra ពីភាគខាងជើងនៃទីក្រុង Amritsar នៃរដ្ឋ Punjab នៅពេលដែលវាបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយនៅជិតទីក្រុង Jammu ។

មន្ត្រីប៉ូលិសក្នុងតំបន់ បានប្រាប់អ្នកយកព័ត៌មានថា រថយន្តក្រុងដែលជួបឧបទ្ទវហេតុខាងលើ បានដឹកលើសទម្ងន់ដោយមានមនុស្សជិះច្រើនតាន់តាប់។​ លោក​បាន​បន្ថែម​ថា អ្នក​ស្លាប់ភាគច្រើន​មក​ពី​រដ្ឋ Bihar ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា។

ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែងកើតហេតុ​ ដើម្បីបើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​ ខណៈអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ទីសក្ការៈបូជាឈ្មោះថា Vaishno Devi នៅទីប្រជុំជន Katra ត្រូវបានគោរពយ៉ាងខ្លាំងដោយអ្នកកាន់សាសនាហិណ្ឌូ ហើយរាប់រយពាន់នាក់មកទស្សនាវាជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាជាប្រទេសដែលមានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចារណ៍ខ្ពស់បំផុតនៅលើពិភពលោក ដោយមានមនុស្សរាប់សែននាក់បានស្លាប់ និងរងរបួសជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់​ភាគច្រើន​បណ្តាលមកពី​ការបើកបរ​មិន​ប្រុងប្រយ័ត្ន ការ​ថែទាំ​ផ្លូវ​មិនបាន​ល្អ និង​យានយន្ត​ចាស់​ៗ៕