(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះបានចេញមុខមកបញ្ជាក់ឡើងវិញជាថ្មីថាសហរដ្ឋអាមេរិកមិនគាំទ្រឡើយចំពោះការវាយប្រហារក្នុងទឹកដីរុស្ស៉ី ខណៈកំពុង ផ្ដោតលើការជួយអ៊ុយក្រែនការពារខ្លួន និងដណ្ដើមយកទឹកដីរបស់ខ្លួនឯងមកវិញតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។
ការអត្ថាធិប្បាយខាងលើរបស់សេតវិមាន ធ្វើឡើង បន្ទាប់ពីក្រុមមន្រ្តីនៃប្រទេសរុស្ស៉ី បានឱ្យដឹងកាលពីថ្ងៃអង្គារថា យន្តហោះដ្រូនបានហោះបុកអគារមួយចំនួន នៅទីក្រុងមូស្គូ ប៉ុន្តែវាបានបង្កឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ដោយពុំបានបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ខណៈប្រព័ន្ធការពារដែនអាកាស ក៏បានបាញ់កម្ទេចដ្រូនប៉ុន្មានគ្រឿង ផ្សេងទៀត ដែលហោះសំដៅឆ្ពោះមករករដ្ឋធានីរបស់រុស្ស៉ី ផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានសង្កត់ធ្ងន់ដូច្នេះថា «យើងបានឃើញព័ត៌មាន ហើយកំពុង ប្រមូលព័ត៌មានបន្ថែមពីអ្វីដែលបានកើតឡើង។ ប៉ុន្តែជាគោលការណ៍ យើងមិនគាំទ្រឡើយចំពោះការវាយប្រហារក្នុងទឹកដីរុស្ស៉ី»។
គួរបញ្ជាក់ថា អាជ្ញាធរក្នុងប្រទេសរុស្ស៉ី បានចោទប្រកាន់ត្រង់ៗថាការវាយប្រហារដោយយន្ដហោះដ្រូនទ្រង់ទ្រាយធំលើសង្កាត់អ្នកមានក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ គឺជាស្នាដៃ របស់អ៊ុយក្រែន ដោយមានគោលដៅលើទីតាំងដែលលោកប្រធានាធិបតី ពូទីន និងឥស្សរជនជាន់ខ្ពស់រុស្ស៉ីដទៃទៀតស្នាក់នៅ។ ប៉ុន្តែ ខាងអ៊ុយក្រែនបានបដិសេធភ្លាមៗថាខ្លួន មិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ៕