(ប៉េកាំង)៖ យោធាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាយន្ដហោះចម្បាំងចិនមួយគ្រឿង បានធ្វើសកម្មភាពបង្កហានិភ័យនៅក្បែរយន្ដហោះ ស៊ើបការណ៍យោធាមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់សមុទ្រខាងត្បូងកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

ឧប្បត្តិហេតុខាងលើ កើតមានឡើងនៅចំពេលដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងមានភាពតានតឹងនឹងគ្នាខ្លាំង លើបញ្ហាជាច្រើនក្នុងនោះរួមមាន ទាំងតៃវ៉ាន់ និងការបាញ់ទម្លាក់បាឡុងមួយគ្រឿងរបស់ចិន នៅលើដែនអាកាសអាមេរិកដែលមន្ទីរបញ្ចកោណចោទជាបាឡុងស៊ើបការណ៍ កាលពីដើម ឆ្នាំ២០២៣។

បើតាមទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក យន្ដហោះចម្បាំងចិន J-16 បានហោះកាត់ពីមុខយន្ដហោះស៊ើបការណ៍យោធាអាមេរិក RC-135 ដោយចូលមកក្បែរនៅចម្ងាយ ៤០០ហ្វីត ឬ១២១ម៉ែត្រ ជាហេតុបង្ខំឱ្យយន្ដហោះអាមេរិកត្រូវប្ដូរគន្លងហោះហើរ។ ទីបញ្ជាការនេះដដែលបន្ថែមទៀតថា យន្ដហោះ RC-135 បានដឹកនាំការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងតាមទម្លាប់ធម្មតា នៅក្នុងដែនអាកាសអន្តរជាតិនៃតំបន់សមុទ្រចិនខាងត្បូង អនុលោមតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា បើតាមទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឧប្បត្តិហេតុស្រដៀងគ្នានេះក៏ធ្លាប់បានកើតឡើងផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២ នៅពេលដែលយន្ដហោះចម្បាំងចិនមួយគ្រឿង ហោះមកក្បែរយន្ដហោះស៊ើបការណ៍ RC-135។ ចំណែក ការទម្លាយព័ត៌មាននេះទៀតសោត កើតមានឡើង បន្ទាប់ពីមន្ទីរបញ្ចកោណបានឱ្យដឹងថាចិនបដិសេធការរៀបចំជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន ក្នុងប្រទេសសិង្ហបុរី នៅក្នុងសប្ដាហ៍នេះ៕