(ប្រាស៉ីលីយ៉ា)៖ ទស្សនៈខ្វែងគំនិតគ្នាជុំវិញប្រទេសវេណេស៊ុយអេឡា បានលេចចេញកំលុងកិច្ចប្រជុំកំពូលមួយ នៃមេដឹកនាំក្រុមប្រទេសអាមេរិកខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) បានធ្វើជាម្ចាស់ផ្ទះរៀបចំ ខណៈវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោក ក្នុងការបង្រួបបង្រួមការអភិវឌ្ឍនៃតំបន់នេះ ហើយផ្តល់ឱ្យអាមេរិកខាងត្បូងមានសំឡេងធ្ងន់ជាងមុន នៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

លោក លូឡា បានអំពាវនាវឱ្យប្រទេសទាំង១២ នៃតំបន់អាមេរិកខាងត្បូង ជម្នះភាពផ្ទុយគ្នាផ្នែកមនោគមវិជ្ជា ដែលបានបំបែកបំបាក់តំបន់​នេះ ហើយចូលរួមក្នុងកិច្ចប្រឹងប្រែង ដើម្បីធ្វើសមារណកម្មសេដ្ឋកិច្ច វប្បធម៌ និងសង្គម។ ប៉ុន្តែកិច្ចប្រជុំកំពូលលើកដំបូងក្នុងរយៈពេលជិត១ទសវត្សរ៍មកនេះរបស់ពួកគេ បានលេចចេញនូវការបង្ហាញទស្សនៈខ្វែងគ្នា នៅពេលដែលប្រធានាធិបតីស៉ីលីនិងអ៊ុយរូហ្កាយ បានរិះគន់​លោក លូឡា ដែលមានជំហរទទួលស្គាល់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ជាមេដឹកនាំ​ដែលជាប់ឆ្នោតត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ។

យ៉ាងនេះក្តី លោកប្រធានាធិបតីប្រេស៉ីល ដែលកំពុងព្យាយាមស្តារ ភាពជាអ្នកដឹកនាំរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះឡើងវិញ នៅក្នុងនយោបាយការបរទេស បានច្រានចោលការរិះគន់ របស់មេដឹកនាំស៉ីលីនិងអ៊ុយរូហ្កាយ។ សហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិច ចាត់ទុករដ្ឋាភិបាលវេណេស៊ុយអេឡា ជារដ្ឋាភិបាលរបបផ្តាច់ការ ហើយបានដាក់ទណ្ឌកម្មជាច្រើន ដើម្បីព្យាយាមដាក់សម្ពាធឱ្យវេណេស៊ុយអេឡា​ រៀបចំការបោះឆ្នោតថ្មី។

គួរបញ្ជាក់ថា លោក លូឡា បានជួបជាមួយលោក ម៉ាឌូរ៉ូ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈវាគឺជាដំណើរទស្សនកិច្ចលើកទីមួយ របស់​លោកប្រធានាធិបតីវេណេស៊ុយអេឡា មកកាន់ប្រទេសប្រេស៉ីល ក្នុងរយៈពេល៨ឆ្នាំ ស្របពេលដែលប្រទេសទាំងពីរ បានស្តារទំនាក់ទំនង​ការទូតឡើងវិញ។ លោក លូឡា បាននិយាយថា មានការរើសអើងដ៏ធំ ប្រឆាំងនឹងវេណេស៊ុយអេឡា ហើយការមើលឃើញថា វេណេស៊ុយអេឡាហាក់ដូចមិនមានប្រជាធិបតេយ្យនោះ គឺគ្រាន់តែជារូបភាពបង្កើតឡើងដោយក្រុមលោកខាងលិច ដែលបានដាក់ទណ្ឌកម្មធ្ងន់ៗ ហើយធ្វើឱ្យវិបត្តិមនុស្សធម៌និងសេដ្ឋកិច្ចរបស់ប្រទេសនេះ កាន់តែយ៉ាប់យ៉ឺនខ្លាំងប៉ុណ្ណោះ៕