(ប៉េកាំង)៖ ចិននឹងបញ្ជូននាវាចម្បាំងឱ្យចូលរួមសមយុទ្ធយោធាជើងទឹកពហុភាគីមួយ ដែលត្រូវរៀបចំឡើងនៅខែមិថុនាដោយឥណ្ឌូណេស៉ី ខណៈឥណ្ឌូណេស៉ីក៏បានអញ្ជើញប្រទេសដទៃទៀតផងដែរ ដូចជាកូរ៉េខាងជើង រុស្ស៉ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយវាកើតមាន ចំពេលដែលភាពតានតឹងកំពុងកើនឡើង នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះ ក្រសួងការពារជាតិចិនបានប្រកាសថា កងទ័ពជើងទឹកចិននឹងបញ្ជូននាវាចម្បាំងប្រភេទ destroyer ឈ្មោះ ចានជាំង (Zhanjiang) ហើយនិងនាវាចម្បាំងប្រភេទ frigate ឈ្មោះ ស៊ូឆាង (Xuchang) ដែលទាំងពីរគ្រឿងសុទ្ធតែបំពាក់​មីស៉ីល ទៅចូលរួមសមយុទ្ធយោធា Komodo 2023។ កាលពីខែធ្នូ ឆ្នាំមុន ឥណ្ឌូណេស៉ីបានឱ្យដឹងថា ខ្លួនបានអញ្ជើញកងទ័ពជើងទឹក មកពី​៤៧ប្រទេស រួមមានទាំងចិនឱ្យចូលរួមសមយុទ្ធយោធានោះ ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមិថុនា នៅទីក្រុងម៉ាកាស្សា (Makassar)។ វានឹងជាសមយុទ្ធ Komodo ទី៤ គិតចាប់តាំងការប្រារព្ធឡើងលើកដំបូង កាលពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា សមយុទ្ធយោធា Komodo លើកចុងក្រោយ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៨ មុនការផ្អាកដោយសារការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩។ នាពេលនោះ ចិនក៏បានបញ្ជូននាវាចម្បាំង២គ្រឿងមកចូលរួមផងដែរ គឺនាវាប្រភេទ destroyer ឈ្មោះ ឆាងសា (Changsha) ហើយនិងនាវាប្រភេទ frigaate ឈ្មោះ លីវចូវ (Liuzhou) ដែលសុទ្ធតែបំពាក់មីស៉ីលដូចគ្នា។

សមយុទ្ធយោធា Komodo ឆ្នាំនេះ នឹងប្រព្រឹត្តទៅចំពេលដែលចិននិងសហរដ្ឋអាមេរិក បង្កើនសកម្មភាពការទូតយោធារបស់ខ្លួននៅក្នុង​តំបន់ ដោយបានរៀបចំសមយុទ្ធយោធាកាន់តែញឹកញាប់ជាមុន ជាមួយសម្ព័ន្ធមិត្តនិងដៃគូនៅក្បែរកោះតៃវ៉ាន់, សមុទ្រខាងត្បូង ហើយនិង​តំបន់ភាគខាងលិចប៉ាស៉ីហ្វិក៕