(ប៊ែឡាំង)៖ រដ្ឋាភិបាលអាល្លឺម៉ង់បានឱ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានស្នើសុំឱ្យរុស្ស៊ីបិទស្ថានអគ្គកុងស៊ុលចំនួន៤ ក្នុងចំណោមអគ្គកុងស៊ុលចំនួន៥ នៅក្នុងប្រទេសអាល្លឺម៉ង់ ជាវិធាការសងសឹក បន្ទាប់ពីទីក្រុងម៉ូស្គូបានកំណត់ចំនួនបុគ្គលិកស្ថានទូតអាល្លឺម៉ង់ និងស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ លោក Christopher Berger បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៊ែរឡាំងថា វិធានការនេះមានគោលបំណងបង្កើត «ភាពស្មើគ្នានៃបុគ្គលិក និងរចនាសម្ព័ន្ធ» រវាងប្រទេសទាំងពីរ។

ប្រទេសរុស្ស៊ីមានស្ថានកុងស៊ុលចំនួន៥ក្នុងប្រទេសអាល្លឺម៉ង់ គឺនៅទីក្រុង Bonn, Frankfurt, Hamburg, Leipzig និង Munich ដោយទីក្រុងមូស្គូជាអ្នកសម្រេចចិត្តបិទចំនួនបួន ហើយទុកមួយណាឱ្យនៅបន្តបើក។

លោក Berger​ បាននិយាយថា ប្រទេសរុស្ស៊ីនឹងត្រូវបានអនុញ្ញាតឱ្យបន្តប្រតិបត្តិការស្ថានទូតនៅទីក្រុងប៊ែរឡាំង និងស្ថានកុងស៊ុលមួយទៀត បន្ទាប់ពីដំណាច់ឆ្នាំនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីនាពេលថ្មីៗនេះបាននិយាយថា ចំនួនមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ដែលអាចស្នាក់នៅក្នុងប្រទេសរុស្ស៊ីបានកំណត់ត្រឹម ៣៥០នាក់ រួមទាំងមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ដែលធ្វើការនៅក្នុងស្ថាប័នវប្បធម៌ និងសាលារៀន។ នោះមានន័យថា អាល្លឺម៉ង់នឹងត្រូវបិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Yekaterinburg, Novosibirsk និង Kaliningrad នៅខែវិច្ឆិកា។

ការផ្លាស់ប្តូរនេះបានឆ្លុះបញ្ចាំងពីភាពតានតឹងមួយកម្រិត នៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំង ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕