(កាណាដា)៖ មេដឹកនាំរខេត្ត Nova Scotia បានអង្វរប្រជាជនឱ្យនៅខាងក្រៅព្រៃឈើ និងជៀសវាងសកម្មភាពណាមួយដែលអាចបង្កឱ្យមានអគ្គីភ័យបន្ថែមទៀត បន្ទាប់ពីភ្លើងឆេះព្រៃនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសកាណាដា បានបំផ្លាញផ្ទះប្រហែល ២០០ខ្នង និងសំណង់ផ្សេងទៀត ហើយបានជំរុញឱ្យមានការជម្លៀសមនុស្ស ១៦,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១​ ខែឧសភា ឆ្នាំ២០២៣។

អភិបាលខេត្ត លោក Tim Houston ដែលបានប្រកាសហាមប្រាមសកម្មភាពព្រៃឈើ បន្ទាប់ពីបានទៅមើលតំបន់បំផ្លិចបំផ្លាញ ដើម្បីសិក្សាអំពីការខូចខាត បាននិយាយថា «វិសាលភាពគឺធំធេងណាស់។ វាពិតជាគួរឱ្យសោកស្តាយណាស់»

លោក Houston បាននិយាយថា ការហាមប្រាមនេះ ពង្រីកដល់ការធ្វើដំណើរ និងសកម្មភាពទាំងអស់នៅក្នុងតំបន់ព្រៃឈើ។ លោក​បាន​បន្ត​ថា នោះ​រួម​បញ្ចូល​ទាំង​ការដើរព្រៃ ការ​រុករក​រ៉ែ ការ​បរបាញ់ ការ​នេសាទ ការ​ឡើង​ភ្នំ ការ​បោះ​ជំរុំ និង​សកម្មភាព​ពាណិជ្ជកម្ម​ទាំងអស់​នៅ​លើ​ដី​រដ្ឋាភិបាល។

កាលពីថ្ងៃអង្គារអ្នកស្រុកជាច្រើនបានប្រញាប់ប្រញាល់ត្រឡប់មកស្រុកវិញ ដើម្បីពិនិត្យមើលថាតើផ្ទះ និងសត្វចិញ្ចឹមត្រូវបានរួចជីវិតដែរឬទេ ខណៈពេលដែលមន្ត្រីពន្លត់អគ្គីភ័យបានសម្តែងការព្រួយបារម្ភថា ស្ថានភាពស្ងួត និងខ្យល់ខ្លាំងអាចបណ្តាលឱ្យ «ឆេះឡើងវិញ»

លោក David Meldrum អនុប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យក្រុង Halifax បាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងធ្វើការដើម្បីពន្លត់ភ្លើង ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ Halifax ។ កាលពីថ្ងៃអង្គារ លោកបាននិយាយថា វាលឿនពេកក្នុងការធ្វើការគណនាពិតប្រាកដនៃចំនួនផ្ទះដែលរងការខូចខាត ឬបំផ្លាញ ប៉ុន្តែទីក្រុងបានកំណត់ថា សំណង់ប្រហែល២០០ ត្រូវបានបំផ្លាញ និងប្រជាជនប្រមាណ ១៦,០០០នាក់ត្រូវបានបញ្ជាឱ្យចាកចេញពីផ្ទះរបស់ពួកគេនៅភាគពាយ័ព្យទីក្រុង Halifax៕