(ប្រេតូរីយ៉ា)៖ រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេស BRICS កំពុងជួបប្រជុំក្នុងប្រទេសអាហ្រ្វិកខាងត្បូង ចាប់ពីថ្ងៃព្រហស្បតិ៍ ខណៈប្លុកដែលមានចំនួន ៥ប្រទេសនេះ កំពុងព្យាយាមប្រែក្លាយខ្លួនឱ្យទៅជាប្លុកដ៏មានឥទ្ធិពលមួយ ចំពោះមុខការត្រួតត្រាភូមិសាស្ត្រនយោបាយ របស់លោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

អាជ្ញាធរអាហ្រ្វិកខាងត្បូង បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសមកពីប្រទេសប្រេស៉ីល រុស្ស៉ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង កំពុងចូលរួមកិច្ចប្រជុំ នៅទីក្រុង Cape Town ចំណែក​ប្រទេស​ចិនចូលរួមដោយអនុរដ្ឋមន្ត្រី​ការបរទេស។ គ្មានរបៀបវារៈណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែក្រុមអ្នកវិភាគយល់ថា កិច្ចពិភាក្សានឹងផ្តោតលើការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ក្នុងចំណោមសមាជិកដែលមានស្រាប់ ក៏ដូចជាការពិចារណាពង្រីកក្រុមប្រទេសបន្ថែមទៀត។

បើតាមលោក ខូបាស់ វេន ស្តេដិន (Cobus van Staden) មកពីវិទ្យាស្ថានកិច្ចការអន្តរជាតិអាហ្វ្រិកខាងត្បូង បាននិយាយថា «BRICS កំពុងដាក់ខ្លួនជាជម្រើសដើម្បីជំនួសលោកខាងលិច និងបង្កើតកន្លែងសម្រាប់ប្រទេសមហាអំណាចដែលលេខមុខ»។

គួរបញ្ជាក់ថា កិច្ចពិភាក្សានេះគឺជាការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលខែសីហា នៅទីក្រុងចូហាន់ណេសបឺគ (Johannesburg) ដែលបានបង្កើតភាពចម្រូងចម្រាសរួចទៅហើយ ជុំវិញវត្តមានរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដែលជាគោលដៅនៃដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)៕