(ខាទុំ)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលខ្លួនចោទប្រកាន់ថា បានជួយដុតបញ្ឆេះជម្លោះក្នុងប្រទេសស៊ូដង់ ដើម្បីជាការដាក់សម្ពាធលើកងទ័ពរដ្ឋាភិបាល និងទាហានប៉ារ៉ា ឱ្យបញ្ឈប់ការប្រយុទ្ធដ៏ខ្លាំងក្លានៅទីក្រុងខាទុំ (Khartoum) និងតំបន់ផ្សេងទៀត។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា «យើងនឹងមិន ស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែម ប្រសិនបើភាគីជម្លោះនៅតែបន្តបំផ្លាញប្រទេសរបស់ពួកគេ។ ការកំណត់គោលដៅរបស់ក្រុមហ៊ុន គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយបន្ថែមថាវិធានការនេះ មានគោលបំណងរារាំងភាគីនានាពីការទទួលបានអាវុធ និងធនធានដែលអនុញ្ញាតឲ្យពួកគេបន្តជម្លោះ»។ កងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ជម្លោះដែលបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា មក បានសម្លាប់មនុស្សរាប់រយនាក់ និងបង្ខំឲ្យមនុស្សជាង ១.៦លាននាក់ត្រូវភៀសខ្លួន ហើយ បានប្រែក្លាយទីក្រុងចំនួន ៣ដែលបង្កើតជារដ្ឋធានីខាទុំ ស្ថិតនៅជុំវិញចំណុចប្រសព្វនៃទន្លេនីល ឲ្យក្លាយទៅជាតំបន់សង្រ្គាម៕