(វ៉ាស៊ីនតោន)៖​ មន្ត្រីអាមេរិកម្នាក់ នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក William Burns បានបំពេញ ដំណើរទស្សនកិច្ចជាសម្ងាត់មួយទៅកាន់ប្រទេសចិន កាលពីខែឧសភាកន្លងទៅ ដើម្បីសាកល្បងស្ដារបណ្ដាញទំនាក់ទំនងឡើងវិញជាមួយទីក្រុងប៉េកាំង នៅចំពោះមុខភាពតានតឹងនៅក្នុងទំនាក់ទំនងទ្វេភាគីនៃមហាអំណាចទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីខាងលើដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ដូច្នេះថា «កាលពីខែមុន លោកនាយក Burns បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ជាទី ដែលលោកបានជួបពិភាក្សាការងារជាមួយសមភាគីចិន និងបានកត់សម្គាល់ពីសារៈសំខាន់នៃការរក្សាការបើកចំហបណ្ដាញទំនាក់ទំនង»។ ប៉ុន្តែ មន្ត្រីរូបនេះ មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចរបស់លោក Burns នោះទេ ហើយក៏មិនបានបង្ហើបឱ្យដឹងថាតើនាយក CIA​ រូបនេះបាន ជួបជាមួយមន្ត្រីចិនរូបណា នោះដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក William Burns កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្ដារទំនាក់ទំនងជាមួយប្រទេសចិន ខណៈប្រទេសទាំង២ នៅតែមើលមុខគ្នាមិនចំលើបញ្ហាជាច្រើន ជាពិសេសគឺតៃវ៉ាន់ដែលជាបញ្ហារសើបមួយត្រូវបានក្រុមអ្នកវិភាគជឿថាអាចនឹងបង្ក ហានិភ័យនៃការផ្ទុះជម្លោះរវាងសហរដ្ឋអាមេរិក និងចិន៕