(សេអ៊ូល)៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) និយាយថា លោកបានជួបរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាអំពីតម្រូវការគ្រាប់រំសេវរបស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

ជំនួបនេះធ្វើឡើងនៅខាងក្រៅកិច្ចសន្ទនា Shangri-La ដែលជាកិច្ចប្រជុំកំពូលសន្តិសុខរបស់តំបន់អាស៉ី ចំពេលមានសម្ពាធពីសហរដ្ឋអាមេរិក និងប្រទេសសមាជិកណាតូផ្សេងទៀត ឲ្យកូរ៉េខាងត្បូងផ្តល់អាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែន។

តាមរយៈបណ្តាញ Twitter លោក បូរ៉ែល បានគូសបញ្ជាក់ថា «ជំនួបដ៏ល្អជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ចុងស៊ុប (Lee Jong-sup) បានចែករំលែកនូវការជូនដំណឹងអំពីការបន្តបង្កហេតុរបស់កូរ៉េខាងជើង និងពិភាក្សាអំពីតម្រូវការគ្រាប់រំសេវរបស់អ៊ុយក្រែន»

គួរបញ្ជាក់ថា ក្នុងមានជាសម្ព័ន្ធមិត្តរបស់អាមេរិក និងជាប្រទេសផលិតគ្រាប់កាំភ្លើងធំដ៏ធំ កូរ៉េខាងត្បូង រហូតមកដល់ពេលនេះ បានច្រានចោលការបញ្ជូនជំនួយអាវុធគ្រោះថ្នាក់ណាមួយដល់អ៊ុយក្រែន ដោយលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី និងឥទ្ធិពលរបស់ទីក្រុងមូស្គូលើកូរ៉េខាងជើង បើទោះបីជាមានសម្ពាធកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប ជុំវិញការផ្គត់ផ្គង់អាវុធក៏ដោយ៕