(មូស្គូ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ វិមានក្រឹមឡាំងបានប្រកាសថា ក្រុមអ្នកកាសែតមកពី «ក្រុមប្រទេសអមិត្ត» នឹងមិនត្រូវអនុញ្ញាតឱ្យចូលរួមក្នុង ព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសង់ភីតស្បឺគ (St Petersbug) របស់ប្រទេសរុស្ស៉ីឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់សារព័ត៌មានរុស្ស៉ី TASS ថា «វាត្រូវបានសម្រេចហើយថា លើកនេះនឹងមិនមានការអនុញ្ញាតឱ្យចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ SPIEF សម្រាប់បណ្តាញផ្សព្វផ្សាយមកពីក្រុមប្រទេស​​អមិត្តឡើយ»។ SPIEF គឺជាឈ្មោះកាត់នៃព្រឹត្តិការណ៍សេដ្ឋកិច្ចអន្តរជាតិទីក្រុងសង់ភីតស្បឺគ (St Petersburg International Economic Forum)។ វេទិកា SPIEF ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៧ ខែមិថុនា។ រីឯ «ប្រទេសអមិត្ត» គឺជាពាក្យដែលទីក្រុងមូស្គូ ប្រើសំដៅទៅលើក្រុមប្រទេស ដែលបានដាក់ទណ្ឌកម្មមកលើរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg ត្រូវបានរៀបចំធ្វើឡើងចាប់តាំងតែពីឆ្នាំ១៩៩៧មក ហើយវាត្រូវគេមើលឃើញថា ជាការឆ្លើយតបរបស់​ប្រទេសរុស្ស៉ី ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រារព្ធឡើង នៅទីក្រុងដាវ៉ូស (Davos) នៃប្រទេសស្វីស។ យ៉ាងណាមិញ ក្រុមអ្នកកាសែតលោកខាងលិច មិនដែលធ្លាប់ត្រូវបានរារាំងពីការចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងការដាក់បម្រាមជាលក្ខណៈរួមតែម្តង យ៉ាងដូច្នេះឡើយ៕