(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីយោធាអាមេរិក បាន​ឱ្យដឹងថានាវាចម្បាំងចិនមួយគ្រឿង បានធ្វើដំណើរចូលមកក្បែរនៅចម្ងាយ ១៣៧ម៉ែត្រ ពីនាវាពិឃាដអាមេរិក នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងសកម្មភាពប្រកបដោយគ្រោះថ្នាក់ ខណ​ៈទីក្រុងប៉េកាំងបានចោទសហរដ្ឋអាមេរិកវិញថាមានចេតនាបង្កហេតុក្នុងតំបន់។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

បើតាមក្រុមមន្ត្រីអាមេរិក នាវាចម្បាំងអាមេរិក និងកាណាដា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានដឹកនាំការធ្វើសមយុទ្ធរួមគ្នាដ៏កម្រមួយនៅក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់។ នៅពេលជាមួយគ្នានោះដែរ ស្រាប់តែមាននាវាចម្បាំងចិនមួយគ្រឿងបានធ្វើដំណើរកាត់ពីមុខ នាវាពិឃាដអាមេរិកប្រដាប់ដោយ មីស៊ីល ជុងហ៊ូន (Chung-Hoon) ជាហេតុបង្ខំឱ្យនាវាពិឃាដនេះត្រូវបន្ថយល្បឿន ដើម្បីបញ្ចៀសការបុកទង្គិចគ្នា។

ប៉ុន្តែ ខាងភាគីចិន បានបន្ទោសសហរដ្ឋអាមេរិក និងកាណាដា ថាមានចេតនាបង្កហេតុ ក្រោយនាវាចម្បាំងនៃប្រទេសទាំង២ បានធ្វើសមយុទ្ធរួមគ្នាដោយ ធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ កើតមានឡើងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅតែបន្តមានតានតឹងនឹងគ្នា។ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បាននិយាយថាជម្លោះណាមួយជាមួយសហរដ្ឋអាមេរិក អាចនឹងបង្កជា គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ តែលោកអះអាងថាចិនចង់បានកិច្ចសន្ទនា ជាជាងការប្រឈមុខដាក់គ្នា៕