(មូស្គូ)៖ កងកម្លាំងរុស្ស៉ីប្រចាំតំបន់ប៉ាស៊ីហ្វិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាជើងទឹកហើយ នៅថ្ងៃចន្ទនេះ នៅឯតំបន់ដែនទឹកនៃសមុទ្រជប៉ុន និងសមុទ្រ អូខតស្ក៍ (Okhotsk) ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើឆាណែលតេឡាក្រាម ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង និងនាវាគំាទ្រច្រើនជាង ៦០គ្រឿង យន្ដហោះ ៣៥គ្រឿង ព្រមទាំងកងទ័ព និងបុគ្គលិកយោធាច្រើនជាង ១១,០០០នាក់ នឹងចូលរួមក្នុងយុទ្ធយោធារបស់កងកម្លាំងប្រចាំតំបន់ប៉ាស៊ីហ្វិក»។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃចន្ទនេះ ក៏បានអះអាងដែរថាកងកម្លាំងរបស់ខ្លួន បានបង្រ្កាបការវាយកលុកទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែន នៅក្នុងតំបន់ដូណេត ដោយសម្លាប់កងទាហានអ៊ុយក្រែន ២៥០នាក់ និងកម្ទេចរថក្រោះ រួមទាំងរថពាសដែកជាច្រើនគ្រឿង៕