(កាប៊ុល)៖ ប៉ូលិស បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្មេងស្រីអាហ្វហ្គានីស្ថានប្រហែល ៦០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានករណីបំពុលនៅសាលារៀនរបស់ពួកគេ ស្ថិតនៅឯភាគខាងជើងនៃប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

ការបំពុលដែលកំណត់គោលដៅលើសាលាសិស្សស្រី នៅខេត្តសា អ៉ី ប៉ុល (Sar-e Pol) របស់អាហ្វហ្កានីស្ថាន បានកើតឡើងក្រោយការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ លើការអប់រំកុមារីក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់ និងហាមឃាត់សិស្សស្រីវ័យជំទង់ភាគច្រើនមិនឲ្យទទួលបានការសិក្សា ហើយក្រោយមកក៏កើតមានករណីបំពុលលើ សាលាសិស្សស្រីនៅក្នុងប្រទេសជិតខាងគឺអ៉ីរ៉ង់។ អំឡុងពេលនៃការគ្រប់គ្រង របស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានមុនៗ ការវាយប្រហារដោយសារធាតុពុលជាច្រើន រួមទាំងការសង្ស័យពីការវាយប្រហារដោយឧស្ម័ន ទៅលើសាលារៀនរបស់ក្មេងស្រី បានកើតមានឡើងជាបន្តបន្ទាប់។

គួរបញ្ជាក់ថា រដ្ឋបាលក្រុមតាលីបង់ បានហាមឃាត់សិស្សស្រីភាគច្រើនមិនឲ្យចូលរៀននៅវិទ្យាល័យ និងសាកលវិទ្យាល័យ ចាប់តាំងពីចូលកាន់កាប់ប្រទេសកាលពីឆ្នាំ២០២១ ដែលបង្កឲ្យមានការថ្កោលទោសពីរដ្ឋាភិបាលអន្តរជាតិ និងប្រជាជនអាហ្វហ្កានីស្ថានជាច្រើន ប៉ុន្តែ អាជ្ញាធរតាលីបង់បានបន្តបើកសាលាបឋមសិក្សា សម្រាប់ក្មេងស្រីរហូតដល់អាយុប្រហែល ១២ឆ្នាំ៕