(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឱ្យអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ភ្ជាប់ ទំនាក់ទំនងការទូតនឹងគ្នាជាប្រក្រតី នៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងរីយ៉ាដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

លោក Antony Blinken ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយទៅកាន់សន្និសីទ AIPAC ដែលមាននិន្ននាការគាំទ្រអ៉ីស្រាអែល។ ថ្លែង នាឱកាសនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក មានផលប្រយោជន៍ជាក់ស្ដែងខាងសន្តិសុខ ក្នុងការ លើកកម្ពស់ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត»។ ប៉ុន្តែ លោក Blinken ក៏បានទទួលស្គាល់ដែរថារដ្ឋបាលលោក ប្រធានាធិបតី ចូ បៃដិន មិនអាចជួយសម្រេចបាននូវការភ្ជាប់ទំនាក់ទំនងការទូតពេញលេញរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ក្នុងពេលដ៏ខ្លី ឬ ដោយងាយស្រួលនោះទេ។

គួរបញ្ជាក់ថា លោក Antony Blinken គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង ជិតដាស់ (Jeddah) នៅល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ ហើយនឹង បន្តដំណើរទៅកាន់ទីក្រុងរីយ៉ាដ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ និង កិច្ចប្រជុំដាច់ដោយឡែកមួយពាក់ព័ន្ធនឹងក្រុមចម្រុះប្រយុទ្ធប្រឆាំងនឹងក្រុម ISIS៕