(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) នៅថ្ងៃចន្ទសប្ដាហ៍នេះបានរិះគន់យោធារុស្ស៉ី ជុំវិញការ ធ្វើឱ្យបាត់បង់ភូមិមួយស្ថិតនៅក្បែរទីក្រុងបាកមូត ទៅឱ្យទាហានអ៊ុយក្រែន ហើយថាយុទ្ធសាស្ត្របច្ចុប្បន្នដែលទាហានរុស្ស៉ីកំពុងប្រើនឹងនាំទៅរកបរាជ័យ កាន់តែ ច្រើនក្នុងពេល ២សប្ដាហ៍ខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន ធ្វើការកត់សម្គាល់ខាងលើ ខណៈមន្ត្រីរុស្ស៉ីម្នាក់ក្នុងតំបន់ដូណេត បានឱ្យដឹងថាស្ថានការណ៍ នៅជុំវិញទីក្រុងបាកមូត មានភាពលំបាកជាខ្លាំង។ ទាហានស៊ីឈ្នួលរុស្ស៉ី Wagner ប្រកាសពីការវាយដណ្ដើមបានទីក្រុងបាកមូតទាំងស្រុងកាលពីខែឧសភា ក្រោយការវាយប្រយុទ្ធ យ៉ាងបង្ហូរឈាមអស់រយៈពេលជាច្រើនខែ។ ចាប់តាំងពីពេលនោះមកដែរ អ៊ុយក្រែននៅតែបន្តបើកការវាយប្រហារនៅតាមទីតាំងស្ថិតនៅភាគខាងជើង និងខាងត្បូង នៃទីក្រុងស្ថិតនៅភាគខាងកើតប្រទេសមួយនេះ។

នៅក្នុងសារសំឡេងមួយត្រូវបានចេញផ្សាយដោយសេវាព័ត៌មាននៃក្រុមហ៊ុន Wagner លោក ព្រីហ្គោហ្ស៉ីន បានគូសបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ ភូមិ បឺខៀវកា (Berkhivka) បានបាត់បង់ទៅហើយ រីឯកងទ័ពបានរត់ចោលសមរភូមិស្ងាត់ៗ។ នេះជារឿងគួរឱ្យអាម៉ាស់»

គួរបញ្ជាក់ថា ភូមិ បឺខៀវកា (Berkhivka) ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រ ពីពាយព្យនៃទីក្រុងបាកមូត ហើយក្រុមហ៊ុន Wagner បានអះអាងពីការកាន់កាប់ភូមិ មួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕