(ប៉េកាំង)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងថាមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់ បានបើកកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ និងផ្លែផ្កា ជាមួយក្រុមមន្ត្រីចិន បើទោះជាមានការរិះគន់មួយចំនួនថាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននេះ ធ្វើឡើងចំថ្ងៃរំឮកខួបព្រឹត្តិការណ៍នៅឯទីលាន ធៀនអានមិន (Tiananmen) នៃទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៨៩ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Beijing Daily នៅថ្ងៃអង្គារនេះ ក៏បានចាត់ទុកផងដែរថាជំនួបរវាងមន្ត្រីអាមេរិក និងចិន បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ ស្ថាបនា និងប្រកបដោយផ្លែផ្កា ជុំវិញការលើកកម្ពស់ទំនាក់ទំនងចិន និងអាមេរិក ក៏ដូចជាការគ្រប់គ្រងការខ្វែងគំនិត។ ដំណើរទស្សនកិច្ចរបស់លោក ដានីញែល គ្រីធិនប្រ៊ីន (Daniel Kritenbrink) ជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កើតមានឡើងបន្ទាប់ពីទីក្រុងប៉េកាំង បាន បដិសេធការរៀបចំជំនួបផ្លូវការមួយរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ ក្នុងប្រទេសសិង្ហបុរីកាលពីសប្ដាហ៍មុន។

បើតាមក្រសួងការបរទេសអាមេរិក លោក Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក Nicholas Burns រួមទាំងមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិ លោកស្រី Sarah Beran បានជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីមកពីក្រសួងការបរទេសចិន រួមមានលោក ម៉ា ចៅហ្ស៊ូ (Ma Zhaoxu) និងលោក យ៉ាង តាវ (Yang Tao)។ ក្រសួងបានបន្ថែមក្នុងសេចក្ដីថ្លែងការណ៍ទៀតថា ភាគីទាំងសងខាងបានពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់ និងផ្លែផ្កា ជាផ្នែកមួយនៃកិច្ចខិត ខំប្រឹងប្រែងក្នុងការរក្សាការបើកចំហបណ្ដាញទំនាក់ទំនង និងផ្អែកលើកិច្ចប្រជុំការទូតកម្រិតខ្ពស់រវាងប្រទេសទាំង២ កាលពីពេលថ្មីៗនេះ។ ភាគីទាំង២ ក៏បានជជែកគ្នាផងដែរពីទំនាក់ទំនងទ្វេភាគី បញ្ហាត្រើយទាំងសងខាងនៃចក្រសមុទ្រតៃវ៉ាន់ និងបញ្ហាជាច្រើនទៀត។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីការទូតជាន់ខ្ពស់អាមេរិក ទៅកាន់ប្រទេសចិនបានទទួលរងការរិះគន់មួយចំនួន ពីក្រុមអ្នកការពារសិទ្ធិមនុស្សដែលថា ទស្សនកិច្ចនេះ ធ្វើឡើងចំថ្ងៃរំឮកខួបព្រឹត្តិការណ៍នៅឯទីលាន Tiananmen នៃទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៨៩។ ប៉ុន្តែ ខាងសេតវិមានអះអាងថា ដំណើរទស្សនកិច្ចនេះត្រូវបានគ្រោងធ្វើឡើងជាយូរមកហើយ៕