(ប៊ីស្កេក)៖ ទីភ្នាក់ងារសន្តិសុខជាតិកៀហ្ស៉ីស៉ីស្ថាន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង៣០នាក់ ដែលរងការចោទប្រកាន់ពីបទមាន​ផែនការធ្វើរដ្ឋប្រហារ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអាស៉ីកណ្តាលមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

ទីភ្នាក់ងារ GKNB បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបំផ្លាញការត្រៀមរៀបចំរបស់មនុស្សមួយក្រុម ដែលមានគ្រោងបំផុសឱ្យ​មានសកម្មភាពកុបកម្ម នៅទូទាំងប្រទេស ក្រោមគោលដៅដណ្តើមអំណាចដោយប្រើប្រាស់កម្លាំង។ ទីភ្នាក់ងារសន្តិសុខជាតិកៀហ្ស៉ីស៉ីស្ថាន បានបន្ថែមថា មនុស្សជាង៣០នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទសប្តាហ៍នេះ។

ការចាប់ខ្លួនខាងលើកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបំពេញទស្សនកិច្ច របស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឈែល (Charles Michel) មកកាន់កៀហ្ស៉ីស៉ីស្ថាន ដែល​កំលុងពេលនោះ ប្រធានាធិបតីកៀហ្ស៉ីស៉ីស្ថាន លោក សាឌា ចាប៉ារូវ (Sadyr Japarov) បានសន្យាពីការត្រៀមខ្លួនរបស់លោក ដើម្បីធ្វើការងារឱ្យជិតស្និទ្ធជាមួយសហភាពអឺរ៉ុប។

គួរបញ្ជាក់ថា ប្រទេសអាស៉ីកណ្តាលមួយនេះ ដែលមានទំនាក់ទំនងជិតដិតជាមួយរុស្ស៉ីនិងចិន ធ្លាប់បានមើលឃើញប្រធានាធិបតីសរុប៣រូប ត្រូវចុះចេញពីតំណែង ដោយសារតែវិបត្តិនយោបាយ ដែលជំរុញដោយអំពើពុករលួយ ការប្រកាន់បក្ខពួកនិយម និងការបោះឆ្នោតដែល​មានភាពចម្រូងចម្រាស គិតចាប់តាំងពីទទួលបានឯករាជ្យ ពីសហភាពសូវៀត កាលពីឆ្នាំ១៩៩១មក៕