(ស៉ីដនី)៖ វ៉ានូអាទូ (Vanuatu) ដែលជាប្រទេសដីកោះមួយក្នុងតំបន់ប៉ាស៊ីហ្វិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងសន្តិសុខជាមួយអូស្ត្រាលី នឹងត្រូវដាក់ទៅកាន់សភាមុនដំណាច់ឆ្នាំ ២០២៣នេះ ខណៈដែលការព្រួយបារម្ភអំពីឥទ្ធិពលចិននៅក្នុងតំបន់ កំពុងលេចឡើងក្នុងប្រទេសជិតខាង គឺប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ បានពន្យារពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

អំឡុងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាលស៍ (Richard Marles) នៅរដ្ឋធានីព័រវីឡា (Port Vila) នាយករដ្ឋមន្រ្តីរបស់ប្រទេសវ៉ានូអាទូ (Vanuatu) លោក អ៉ីសម៉ាអែល កាល់សាខាអ៊ូ (Ishmael Kalsakau) បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិសុខដែលបានចុះហត្ថលេខាជាមួយអូស្ត្រាលី កាលពីខែធ្នូ ឆ្នាំ ២០២២ នៅតែត្រូវបានពិនិត្យ។ លោក កាល់សាខាអ៊ូ បានគូសបញ្ជាក់ថា «សំណើរនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវដាក់ជូនសភាសម្រាប់ការផ្តល់សច្ចាប័ន នៅមុនដំណាច់ឆ្នាំ២០២៣»

លោក ម៉ាលស៍ ក៏បានគូសបញ្ជាក់ផងដែរថា «អូស្ត្រាលី រីករាយនឹងភាពរីកចម្រើននៃកិច្ចព្រមព្រៀងសន្តិសុខជាមួយវ៉ានូអាទូ (Vanuatu) ហើយវាគឺគោលការណ៍ដ៏សំខាន់ដែលសន្តិសុខរបស់តំបន់ប៉ាស៊ីហ្វិក ត្រូវតែទទួលបានមកពីគ្រួសារក្នុងតំបន់ប៉ាស៊ីហ្វិកខ្លួនឯង»

គួរបញ្ជាក់ថា កាលពីខែឧសភា ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិក ដែលបានជំរុញឲ្យមានប្រតិកម្មផ្នែកនយោបាយក្នុងស្រុកមួយចំនួន ចំពេលមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងនេះ អាចធ្វើឲ្យប៉ាពូអាស៉ីនូវែលហ្គីណេក្លាយជាចំណុចនៃប្រកួតប្រជែងជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិក និងចិន។ ក្រោយមក ប៉ាពូអាស៉ីនូវែលហ្គីណេ បានពន្យារពេលនៃកិច្ចព្រមព្រៀងនោះ ក្រោមហេតុផលពិចារណាលើផលប៉ះពាល់ ចំពោះអធិបតេយ្យភាពរបស់ខ្លួន៕