(​បាងកក)៖ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាមើលឃើញឱកាសតិចតួចបំផុត សម្រាប់លោកត្រឡប់មក កាន់អំណាចមួយអាណត្តិទៀត ខណៈគណបក្សប្រឆាំងកំពុងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

លោក បា្រយុទ្ធ ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលសាកសួរពីផែនការនយោបាយរបស់លោក ខណៈប្លុកបក្ស នយោបាយដឹកនាំដោយគណបក្ស Move Forward កំពុងធ្វើការលើការបង្កើតរដ្ឋាភិបាលចម្រុះ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរពីលទ្ធភាពដែល គណបក្សតូចៗអាចនឹងតែងតាំងរូបលោកជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច ក្នុងករណីគណបក្ស Move Forward ឬគណបក្សភឿថៃ បរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ លោក ប្រាយុទ្ធ បានឆ្លើយថាបច្ចុប្បន្ន អ្វីដែលលោកកំពុងផ្តោត នោះគឺការដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន ហើយថា លោកមិនមានការភិតភ័យអ្វីនោះទេចំពោះការស៊ើបអង្កេតណាមួយ បន្ទាប់ពីរដ្ឋាភិបាលថ្មីឡើងកាន់អំណាច។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារនោះដែរ មេដឹកនាំគណបក្ស ភូមិចៃថៃ (Bhumjaithai) លោក អានូធីន ឆានវីរ៉ាឃុល (Anutin Charnvirakul) ក៏បានច្រានចោល ផងដែរចំពោះពាក្យចចាមរ៉ាមដែលថារូបលោក និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានឈានដល់កិច្ចព្រមព្រៀងជាសម្ងាត់មួយ ព្រមទាំងទទូចថាជំនួប កាលពីពេលថ្មីៗនេះរវាងលោក និងលោក ស្រិតថា ថាវីស៊ីន (Strettha Thavisin) ដែលជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ ក្នុងចំណោម ៣នាក់របស់ភឿថៃ នៅឯ ការប្រកួតបាល់ទាត់មួយក្នុងចក្រភពអង់គ្លេស មិនបាននិយាយពីរឿងនយោបាយឡើយ៕