(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយរបស់អឺរ៉ុប ប្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ថាពួកគេបានដឹងពីផែនការប្រតិបត្តិការពិសេសមួយ របស់អ៊ុយក្រែន ដើម្បីបំផ្ទុះបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ៣ខែ មុននឹងមានហេតុការណ៍ផ្ទុះធ្វើឱ្យខូចខាតដល់បំពងបង្ហូរឧស្ម័នក្រោមសមុទ្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

សារព័ត៌មាន Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើព័ត៌មានសម្ងាត់យោធាអាមេរិកជាច្រើនដែលបានបែកធ្លាយកាលពីដើម ឆ្នាំ២០២៣។ ឯកសារសម្ងាត់ដដែល បានឱ្យដឹងថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុបមិនស្គាល់អត្តសញ្ញាណមួយ ប្រាប់ចារកម្មអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២២ ពោលគឺ៤ខែ ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ថាក្រុមអ្នកមុជទឹកយោធាអ៊ុយក្រែន បានរាយការណ៍ដោយផ្ទាល់ទៅកាន់អគ្គមេបញ្ជាការយោធាពីផែនការ វាយប្រហារខាងលើ។

បំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ដែលមានតួនាទីបញ្ជូនឧស្ម័នពីរុស្ស៉ី ទៅកាន់អាល្លឺម៉ង់ បានរងការខូចខាតដោយសារការបំផ្ទុះ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ដោយបង្កឱ្យរុស្ស៉ីខាតបង់ចំណូលរាប់ពាន់លានដុល្លារ រីឯបណ្ដាប្រទេសអឺរ៉ុបត្រូវប្រឈមមុខនឹងការខ្វះខាតឧស្ម័នប្រើប្រាស់។ ក្រោយ ហេតុការណ៍នេះកើតឡើង មានការចោទប្រកាន់ជាច្រើនលើបណ្ដាប្រទេសមួយចំនួន រួមមានទាំងសហរដ្ឋអាមេរិក រុស្ស៉ី និងអ៊ុយក្រែន ថាជាអ្នកនៅពីក្រោយ ការបំផ្ទុះបំពង់បង្ហូរឧស្ម័នក្រោមសមុទ្រទាំង២ ប៉ុន្តែក្រុមមន្ត្រីនៃប្រទេសទាំងនេះបានច្រានចោលការចោទប្រកាន់រៀងៗខ្លួន៕