(កៀវ)៖ មនុស្សប្រហែល ៤២,០០០នាក់ត្រូវប្រឈមមុខនឹងហានិភ័យនៃទឹកជំនន់ នៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី និងអ៊ុយក្រែន នៅតាមដងទន្លេ ឌីនីប្រូ (Dnipro) បន្ទាប់ពីទំនប់វារីអគ្គិសនីមួយបានបាក់រលំដោយសារតែការបំផ្ទុះ ខណៈប្រធានទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងទីក្រុងខឺសុន (Kherson) ដែលមានចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីទំនប់វារីអគ្គសនី កម្រិតទឹកបានជន់ឡើង ៣.៥ម៉ែត្រកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបង្ខំ ឲ្យអ្នកស្រុកត្រូវដើរឆ្លងកាត់ទឹក រហូតដល់ត្រឹមជង្គង់ដើម្បីជម្លៀសចេញ។ ក្រុមមន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៤២,០០០នាក់កំពុងប្រឈមនឹង ហានិភ័យពីទឹកជំនន់ ដែលគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅថ្ងៃពុធនេះ។

លោក ម៉ាទីន ហ្រ្គីហ្វហ្វីត (Martin Griffiths) ដែលជាប្រធានទីភ្នាក់ងារផ្តល់ជំនួយរបស់ UN បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការបំផ្លិចបំផ្លាញលើទំនប់វារីអគ្គិសនីនេះ នឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សរាប់ពាន់នាក់នៅឯភាគខាងត្បូងអ៊ុយក្រែន ទាំងនៅផ្នែកទាំងពីរនៃខ្សែត្រៀមជួរមុខ តាមរយៈការបាត់បង់ផ្ទះសម្បែង អាហារ ទឹកស្អាត សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ។

គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែនបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ក្រោយទំនប់វារីអគ្គិសនី ណូវ៉ា កាខូវកា (Nova Kakhovka) ដែលមានកម្ពស់៣០ម៉ែត្រ និងបណ្តោយប្រវែង៣.២គីឡូម៉ែត្រ សាងសង់ឡើងកាលពីឆ្នាំ១៩៥៦ នៅលើទន្លេឌីនីប្រូ (Dnipro) បានរងនូវការបំផ្ទុះកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

ទំនប់វារីអគ្គិសនីនេះស្តុកទឹកក្នុងបរិមាណស្មើទៅនឹង ​បឹង Great Salt Lake នៅឯរដ្ឋយូតា (Utah) របស់សហរដ្ឋអាមេរិក ហើយវាក៏ផ្គត់ផ្គង់ទឹកផងដែរ ទៅកាន់តំបន់គ្រីមៀ ដែលត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងទៅកាន់ស្ថានីយថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី ដូចគ្នា៕