(មូស្គូ)៖ ស្ថានទូតរុស្ស៉ីប្រចាំនៅសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះបានលើកឡើងថា របាយការណ៍ដែលថាអាមេរិកបានដឹង អំពីផែនការរបស់អ៊ុយក្រែនក្នុងការវាយប្រហារបំពង់ឧស្ម័ន Nord Stream គឺជាផ្នែកមួយនៃការប៉ុនប៉ងសម្របសម្រួល របស់លោកខាងលិច ដើម្បីធ្វើឲ្យពិភពលោកយល់ច្រឡំអំពីការពិត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

ការសែត Washington Post បានចុះផ្សាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានដឹងតាមរយៈ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយរបស់អឺរ៉ុប អំពីផែនការប្រតិបត្តិការពិសេសមួយរបស់អ៊ុយក្រែន ដើម្បីបំផ្ទុះបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ៣ខែ មុននឹងមានហេតុការណ៍ផ្ទុះ ដែលធ្វើឲ្យខូចខាតដល់បំពងបង្ហូរឧស្ម័នក្រោមសមុទ្រមួយនេះ។

មន្រ្តីទូតរុស្ស៉ី លោក អាន់ដ្រេ ឡេដេណេវ (Andrey Ledenev) បានផ្ញើរសារលើបណ្តាញតេឡេក្រាមរបស់ស្ថានទូតយ៉ាងដូច្នេះថា «យុទ្ធនាការសម្របសម្រួលរបស់លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិមានការភាន់ច្រឡំ គឺដើម្បីចង់រក្សាការសម្ងាត់ ឬទិន្នន័យដែលសហគមន៍ស៉ើបការណ៍សម្ងាត់ កំពុងស្វែងរកការពិតពីហេតុការណ៍នេះ»

គួរបញ្ជាក់ថា ម្តងហើយម្តងទៀត រុស្ស៉ីនៅតែចោទប្រកាន់លោកខាងលិចថាជាអ្នកនៅពីក្រោយការបំផ្ទុះដែលប៉ះពាល់ដល់បំពង់ Nord Stream 1 និង Nord Stream 2 កាលពីខែកញ្ញា ឆ្នាំ២០២២៕