(ប៉េកាំង)៖ នៅតំបន់អាមេរិកឡាទីន ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចិនបានក្លាយទៅជាបញ្ហាក្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលថ្មីៗកន្លងទៅនេះ រឿងដែលមានលក្ខណៈតំណាងគឺ លោក Sergio Tomás Massa រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់អាហ្សង់ទីន បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសទាំងពីរចិននិងអាហ្សង់ទីនបានចុះហត្ថលេខា លើផែនការសហប្រតិបត្តិការស្តីពីការជំរុញកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយគ្នា ។

នេះគឺជាសមទ្ធផលមួយទៀតនៃកិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្សង់ទីនបន្ទាប់ពីអាហ្សង់ទីន ចូលរួមគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”កាលពីខែកុម្ភៈឆ្នាំទៅមិញមក ដែលមានន័យថា ភាគីទាំងពីរនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា តាមរយៈវិធីកាន់តែជាក់ស្តែង ។ ហើយក៏នៅពេលថ្មីៗកន្លងទៅនេះដែរ វេទិកាសហប្រតិបត្តិការខាងហេដ្ឋារចនាសម្ព័ន្ធរវាងចិន អាមេរិកឡាទីននិងប្រទេសការ៉ាប៊ីនលើកទី៩ បានបិទបញ្ចប់នៅតំបន់ម៉ាកាវ ។ តាមដំណឹងផ្លូវការឱ្យដឹងថា ភ្ញៀវកិត្តិយសដែលចូលរួមវេទិកា បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជុំវិញបញ្ហាដូចជាការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ជាដើម ។

ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន បានផ្សាយដំណឹងឱ្យដឹងថា គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានធ្វើឱ្យប្រទេសចិនផ្សារភ្ជាប់ ជាមួយតំបន់ផ្សេងទៀតលើពិភពលោក តាមរយៈហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញសហប្រតិបត្តិការដ៏ធំសម្បើម ហើយក៏រួមមានអាមេរិកឡាទីនក្នុងនោះដែរ ។ តាមស្ថិតិថ្មីបំផុតឱ្យដឹងថា រង្វង់មិត្តភក្តិក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងអាមេរិកឡាទីនបានពង្រីកដល់ប្រទេសចំនួន២១ ។ ហេតុអ្វីបានជាគំនិតផ្តួចផ្តើមនេះកាន់តែត្រូវបាន ពេញនិយមនៅតំបន់អាមេរិកឡាទីន?

ពីព្រោះកិច្ចសហប្រតិបត្តិការដែលគំនិតផ្តួចផ្តើមនេះ បានជំរុញនោះមានវិសាលភាពផងហើយក៏មានភាពស៊ីជម្រៅផង ដែលនឹងនាំឱ្យប្រជាជនចិននិងអាមេរិកឡាទីន ទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដ ។ បច្ចុប្បន្ននេះ ចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីពីររបស់អាមេរិកឡាទីន ក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ កាលពីឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកឡាទីនបានឡើងដល់ ៤សែន៨ម៉ឺន៥ពាន់៧៩០លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រម្តងទៀត ។ អាចឃើញថា ប្រសិទ្ធភាពផ្ទាល់បំផុតដែលការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ទទួលបានគឺបានលើកកម្ពស់ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកឡាទីន ក៏ដូចជានាំឱ្យអាមេរិកឡាទីន ចែករំលែកភាគលាភនៃកំណើនសេដ្ឋកិច្ចរបស់ចិន ។

ក្រៅពីនេះ ដោយសារគម្រោងសហប្រតិបត្តិការមួយចំនួននៃ “ខ្សែក្រវាត់និងផ្លូវ” ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលរបស់ បណ្ដាប្រទេសអាមេរិកឡាទីន ដូច្នេះ ការអនុវត្តជាក់ស្តែងនូវគម្រោងទាំងនោះបានជំរុញផ្ទាល់ នូវការអភិវឌ្ឍនិងឱកាសការងារក្នុងតំបន់ និងបានកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។ អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”បានបំពេញបន្ថែមកម្លាំងចលករថ្មីនៃការអភិវឌ្ឍរបស់បណ្ដាប្រទេសអាមេរិកឡាទីន ដែលបង្កើនសមត្ថភាពអភិវឌ្ឍន៍ខ្លួនឯង របស់ប្រទេសទាំងនោះ ។

ច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាល រង្គោះរង្គើនិងកំណែទម្រង់ កំណើនសេដ្ឋកិច្ចបានបង្អង់ល្បឿនយ៉ាងច្បាស់លាស់ ប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមមុខនឹងការលំបាកជាទូទៅ ។ ទន្ទឹមនឹងបណ្ដាប្រទេសអាមេរិកឡាទីនកំពុងស្វែងរក ផ្លូវអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ ពួកគេក៏កាន់តែយល់ឃើញថា ការធ្វើតាមបទពិសោធន៍របស់ប្រទេសប៉ែកខាងលិច មិនអាចទទួលបានប្រសិទ្ធភាពល្អនោះទេ ។ ប៉ុន្តែគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ដែលលើកឡើងដោយប្រទេសចិន គឺប្រកាន់ខ្ជាប់ការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ដែលបានផ្តល់នូវផែនការល្អៗសម្រាប់ពួកគេ ដោះស្រាយបញ្ហាអភិវឌ្ឍន៍ ។

ឆ្នាំនេះជាខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ ប្រទេសចិនកំពុងជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នេះនឹងផ្តល់ឱកាសកាន់តែច្រើនដល់ ប្រទេសនានាលើពិភពលោក ដែលបូករួមទាំងបណ្ដាប្រទេសអាមេរិកឡាទីនផងដែរ។ ធ្វើដំណើរតាម “យានជំនិះដ៏ងាយស្រួល”នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ដោយគុណភាពខ្ពស់ កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីននឹងមានភាពកាន់តែស៊ីជម្រៅ ដើម្បីបង្កើតភាគលាភកាន់តែច្រើនដល់ប្រជាជនភាគីទាំងពីរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន