(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពមួយចំនួន នៅឯប្រទេសចិននិងអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងអនុពន្ធយោធាអ៉ីរ៉ង់ប្រចាំទីក្រុងប៉េកាំង ក្រោមការចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធក្នុងការទិញសម្ភារផ្សេងៗព្រមទាំងបច្ចេកវិទ្យា សម្រាប់បម្រើក្នុងកម្មវិធីយោធានិងមីស៉ីលបាលិស្ទីគរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

លោក ប្រាយអេន ណេលសុន (Brian Nelson) មន្រ្តីជាន់ខ្ពស់ក្រសួងហិរវញ្ញវត្ថុអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅលើ បណ្តាញទិញដូរឆ្លងដែនខុសច្បាប់ ដែលលួចគាំទ្រដល់ការអភិវឌ្ឍមីស៉ីលបាលិស្ទីគ និងកម្មវិធីយោធាដទៃទៀតរបស់ប្រទេសអ៉ីរ៉ង់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៉ីនតោនបានដាក់ទណ្ឌកម្មជាច្រើនលើទីក្រុងតេហេរ៉ង់ ក្នុងនោះមានទាំងដោយសារការជាប់ពាក់ព័ន្ធទៅនឹងកម្មវិធីមីស៉ីលរបស់អ៉ីរ៉ង់ និងដោយសារការចោទប្រកាន់ពី អំពើរំលោភបំពានសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា ចិននិងអ៉ីរ៉ង់កាលពីខែមីនា ឆ្នាំ២០២១ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល២៥ឆ្នាំ ដើម្បីពង្រឹងសម្ព័ន្ធភាពផ្នែក​សេដ្ឋកិច្ចក៏ដូចជានយោបាយ យូរមកហើយរវាងប្រទេសទាំងពីរ។ ប្រទេសចិន គឺជាអតិថិជនដ៏ធំមួយនៃការទិញប្រេងពីប្រទេសអ៉ីរ៉ង់ ខណៈដែលអ៉ីរ៉ង់ត្រូវ​ជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅរាំងខ្ទប់ការនាំចេញប្រេង។

ការប្រកាសដាក់ទណ្ឌកម្មថ្មីខាងលើពីសំណាក់ទីក្រុងវ៉ាស៉ីនតោន កើតមានឡើងក្នុងថ្ងៃតែមួយ ដែលអ៉ីរ៉ង់បានបង្ហាញរូបរាងមីស៉ីលល្បឿន​លឿនជាងសំឡេងដំបូងបំផុតរបស់ខ្លួន ក្នុងសេចក្តីប្រកាសមួយដែលទំនងជានឹងធ្វើឱ្យលោកខាងលិច កាន់តែមានក្តីកខ្វល់ខ្លាំងថែមទៀត អំពីសមត្ថភាពមីស៉ីលរបស់ទីក្រុងតេហេរ៉ង់៕