(ម៉ាលី)៖ កងទ័ពជាតិសូម៉ាលី បានសម្លាប់ក្រុមសកម្មប្រយុទ្ធ al-Shabab ចំនួន២០នាក់ ក្នុងអំឡុងពេលប្រតិបត្តិការមួយកាលពីថ្ងៃពុធ នៅតំបន់ Lower Shabelle ភាគខាងត្បូងរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Daud Aweis បាននិយាយថា ពួកសកម្មប្រយុទ្ធត្រូវបានសម្លាប់ ខណៈដែលពួកគេកំពុងព្យាយាមប្រមូលផ្តុំគ្នាឡើងវិញ និងធ្វើការវាយប្រហារនៅក្នុងតំបន់។

លោក Aweis បាននិយាយថា ប្រតិបត្តិការយោធានឹងបន្តនៅក្នុងតំបន់នេះ ដោយបន្ថែមថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំណាក់កាលទីពីរនៃប្រតិបត្តិការវាយលុករួមគ្នាក្នុងពេលឆាប់ៗនេះប្រឆាំងនឹងពួកសកម្មប្រយុទ្ធ al-Shabab ដោយមានការចូលរួមពីទាហានមកពីប្រទេសជិតខាង។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយ នៅក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលីថា «វាត្រូវបានគេទទួលស្គាល់ថា ប្រសិនបើពួកសកម្មប្រយុទ្ធ al-Shabab មានវត្តមានក្នុងប្រទេសសូម៉ាលី ពួកគេអាចផ្លាស់ទីទៅកាន់ប្រទេសជិតខាងដូចជា Kenya, Ethiopia និង Djibouti ហើយអាចបង្កឱ្យមានការគំរាមកំហែងសន្តិសុខក្នុងតំបន់»។

គួរបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលបានបង្កើនការវាយប្រហារប្រឆាំងនឹងក្រុម al-Shabab ចាប់តាំងពីប្រធានាធិបតី លោក Hassan Sheikh Mohamud បានប្រកាសសង្រ្គាមទាំងស្រុងប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងខែសីហា ឆ្នាំ២០២២៕