(យ៉ាំងហ្គោន)៖ អាជ្ញាធរតំបន់បានឱ្យដឹងថា មនុស្ស២នាក់បានស្លាប់ និងអគារជាច្រើនត្រូវបានខូចខាត នៅក្នុងគ្រោះរញ្ជួយដីកម្រិត៤.៨រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីហួរ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

អ្នកស្រុកនៅក្នុងទីប្រជុំជនជាច្រើន នៃតំបន់ Ayeyarwady និង Yangon រួមទាំងទីក្រុង Maubin បានរាយការណ៍ថា មានអារម្មណ៍ញ័រដោយសារការរញ្ជួយដីខាងលើ។

លោក Aung Kyaw Myint មន្ត្រីនៃក្រុមជួយសង្គ្រោះបានប្រាប់ទីភ្នាក់ស៊ីនហួថា «នៅទីក្រុង Maubin មានដូនជីម្នាក់ និងស្ត្រីម្នាក់បានស្លាប់នៅពេលដែលពិដាន នៃមជ្ឈមណ្ឌលសមាធិបានដួលរលំសង្កត់លើ» ដោយលោកបានបន្ថែមថា អគារ​ជា​ច្រើន​ក្នុង​ក្រុងក៏​ត្រូវ​បាន​ខូច​ខាត​ដោយ​សារ​ការ​រញ្ជួយ​ដីផងដែរ៕