(បែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទីក្រុងកៀវ មិនបានដឹងអ្វីទាំងអស់ពាក់ព័ន្ធនឹងផែនការបំផ្ទុះបំផ្លាញបំពង់បង្ហូរ ឧស្ម័ន Nord Stream ខណៈមានការសង្ស័យកាន់តែច្រើនឡើងថាទីក្រុងកៀវ ជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ននៅក្រោមសមុទ្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ Bild Daily នៅថ្ងៃពុធសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនបានធ្វើរឿងបែបនេះទេ ហើយខ្ញុំក៏នឹងមិនធ្វើរឿងបែបនេះនោះដែរ។ ខ្ញុំជឿថាកងទ័ព និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើងមិនបានធ្វើរឿងបែបនេះឡើយ ហើយយើងពិតជា មិនបានដឹងអ្វីទាំងអស់ ១០០ភាគរយ»។ លោក ហ្សេលេនស្គីក៏បានបន្ថែមដែរថាលោកក៏ចង់ឃើញផងដែរ ភស្តុតាងជុំវិញការចោទប្រកាន់ថាអ៊ុយក្រែន គឺជាអ្នកនៅពីក្រោយការបំផ្ទុះបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីសារព័ត៌មានអាមេរិក Washington Post កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយផ្អែកលើ ព័ត៌មានសម្ងាត់យោធាអាមេរិកជាច្រើនដែលបានបែកធ្លាយកាលពីដើមឆ្នាំ២០២៣ បានរាយការណ៍ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយរបស់អឺរ៉ុប បានប្រាប់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ថាពួកគេបានដឹងពីផែនការប្រតិបត្តិការពិសេសមួយរបស់អ៊ុយក្រែន ដើម្បីបំផ្ទុះបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ៣ខែ មុននឹងមានហេតុការណ៍ផ្ទុះធ្វើឱ្យខូចខាតដល់បំពងបង្ហូរឧស្ម័នក្រោមសមុទ្រមួយនេះ។

ឯកសារសម្ងាត់ដដែល បានឱ្យដឹងថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុបមិនស្គាល់អត្តសញ្ញាណមួយ ប្រាប់ចារកម្មអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២២ ពោលគឺ ៤ខែ ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ថាក្រុមអ្នកមុជទឹកយោធាអ៊ុយក្រែន បានរាយការណ៍ដោយផ្ទាល់ទៅកាន់អគ្គមេបញ្ជាការយោធាពីផែនការវាយប្រហារ ខាងលើ។

បំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ដែលមានតួនាទីបញ្ជូនឧស្ម័នពីរុស្ស៉ី ទៅកាន់អាល្លឺម៉ង់ បានរងការខូចខាតដោយសារការបំផ្ទុះ កាលពី ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ដោយបង្កឱ្យរុស្ស៉ីខាតបង់ចំណូលរាប់ពាន់លានដុល្លារ រីឯបណ្ដាប្រទេសអឺរ៉ុបត្រូវប្រឈមមុខនឹង ការខ្វះខាតឧស្ម័ន ប្រើប្រាស់។ ក្រោយ ហេតុការណ៍នេះកើតឡើង មានការចោទប្រកាន់ជាច្រើនលើបណ្ដាប្រទេសមួយចំនួន រួមមានទាំងសហរដ្ឋអាមេរិក រុស្ស៉ី និងអ៊ុយក្រែន ថាជាអ្នកនៅ ពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័នក្រោមសមុទ្រទាំង២ ប៉ុន្តែក្រុមមន្ត្រីនៃប្រទេសទាំងនេះបានច្រានចោលការចោទប្រកាន់រៀងៗខ្លួន៕