(វែលីងតោន)៖ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នូវែលសេឡង់ដែលត្រូវបានគេស្គាល់ជាយូរមកហើយ ថាជាប្រទេសមានឯករាជ្យភាពរឹងមាំក្នុងគោលនយោបាយការបរទេសរបស់ខ្លួន បានមើលឃើញថា ភាពជាដៃគូនៃប្រទេសដែលមានគំនិតដូចគ្នាគឺជាគន្លឹះជួយខ្លួនឯង ក្នុងបរិយាកាសដែលមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៉ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយនេះកើតមានឡើង ចំពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែកើនឡើង ហើយមហាអំណាចទាំងពីរបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនលើប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ដែលមានដូចជានូវែលសេឡង់ជាដើម។

ក្នុងសន្និសីទស្តីពីកិច្ចការអន្តរជាតិរបស់វិទ្យាស្ថាននូវែលសេឡង់ នៅទីក្រុងអក់លែន (Auckland) លោកស្រី ណាណាយ៉ា ម៊ូហាតា (Nanaia Mahuta) បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងរស់នៅក្នុងពិភពលោកមួយដែលច្បាប់ និងបទដ្ឋានកត្តិយុទ្ធត្រូវប្រឈមមុខកាន់តែខ្លាំងឡើង ដោយការលុបបំបាត់ ឬការមិនយកចិត្តទុកដាក់»។ លោកស្រី ម៊ូហាតា បានបន្ថែមថា «នៅក្នុងពិភពលោកដែលមានបញ្ហា ភាពជាដៃគូជាមួយនិងការចែករំលែកតម្លៃរួមគ្នា ការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពហុភាគីនិយម និងរបៀបវារៈរួមស្តីពីអាកាសធាតុ សិទ្ធិមនុស្ស និងស្ថិរភាពក្នុងតំបន់ គឺកាន់តែមានតម្លៃ»

គួរបញ្ជាក់ថា នូវែលសេឡង់ ដែលសមាជិកនៃសម្ព័ន្ធភាពស៉ើបការណ៍សម្ងាត់ និងសន្តិសុខ Five Eyes ដែលរួមមានអូស្ត្រាលី អង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការផ្សះផ្សាជាប្រវត្តិសាស្ត្រមួយ ឆ្ពោះទៅរកដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន គឺប្រទេសចិន ខណៈគោលជំហរបែបនេះអាចនាំឲ្យទទួលរងសម្ពាធពីប្រទេសមួយចំនួន ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន៕