(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីកំពុងត្រៀមខ្លួន ទប់ទល់នឹងលទ្ធភាពនៃការរីករាលដាលភ្លើងឆេះព្រៃបន្ថែមទៀត ខណៈដែលអ្នកវិទ្យាសាស្ត្របានព្យាករណ៍ អំពីការវិលត្រឡប់មកវិញនៃបាតុភូតអាកាសធាតុអេល នីណូ (El Nino) នៅពាក់កណ្តាលឆ្នាំ ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូណេស៉ី លោក អាប់ឌុល មួហារី (Abdul Muhari) បានឲ្យដឹងថា យើងកំពុងមើលឃើញនិន្នាការកើនឡើងលើករណីភ្លើងឆេះព្រៃ។ ភ្លើងឆេះព្រៃចំនួន ៤លើកបានកើតឡើងកាលពីដើមខែឧសភា ហើយបានកើនឡើងដល់ ១៦ករណីនៅដើមខែមិថុនានេះ។ ភ្លើងឆេះព្រៃកើតឡើងនៅផ្នែកខ្លះនៃកោះស៊ូម៉ាត្រា និងកោះបូណេអូ (Borneo) របស់ឥណ្ឌូណេស៊ី។ អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា មានសញ្ញាបង្ហាញថា បាតុភូតអាកាសធាតុក្តៅ El Nino នឹងត្រលប់មកវិញនៅឆ្នាំ ២០២៣នេះ ហើយឥទ្ធិពលស្ងួតនឹងកាន់តែធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កត្តាភ្លើងឆេះព្រៃដែលកំពុងរីករាលដាលនៅឥណ្ឌូណេស៉ី បានបង្កឲ្យមានអ័ព្ទក្រាស់ និងគ្រោះថ្នាក់ ដែលជះឥទ្ធិពលចម្ងាយរាប់រយគីឡូម៉ែត្រទៅកាន់ប្រទេសជិតខាង ដូចជាសិង្ហបុរី ម៉ាឡេស៉ី និងផ្នែកខ្លះនៃប្រទេសថៃ ប៉ះពាល់ដល់សុខភាពមនុស្សរាប់លាននាក់៕