(វ៉ាស៉ីនតោន)៖ សេតវិមានបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) ដែលជាអគ្គលេខាធិការអង្គការណាតូ (NATO) សម្រាប់ការជួបពិភាក្សាគ្នានៅថ្ងៃទី១២ ខែមិថុនា ពោលគឺរយៈពេលមួយខែមុន NATO ត្រូវបើកកិច្ចប្រជុំកំពូលរបស់ខ្លួន ដោយមានបញ្ហាអ៊ុយក្រែនស្ថិតក្នុងរបៀបវារៈកំពូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សាង់ព្យែរ (Karine Jean-Pierre) បាននិយាយថា អ្នកទាំងពីរនឹងត្រួតពិនិត្យលើ ការត្រៀម​រៀបចំសម្រាប់កិច្ចប្រជុំកំពូល NATO ដែលត្រូវធ្វើឡើងនៅប្រទេសលីទុយអានី ហើយជជែកគ្នាអំពីការបន្តគាំទ្ររបស់ក្រុមលោកខាងលិច សម្រាប់អ៊ុយក្រែនប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ ក្រុមមេដឹកនាំប្រទេសជាសមាជិកអង្គការ NATO នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃ​ទី១១-១២ ខែកក្កដា ក្នុងទីក្រុងវីលនីញូស។

គួរបញ្ជាក់ថា អាណត្តិជាប្រមុខដឹកនាំអង្គការ NATO របស់លោក ស្តូលថិនបឺគ គឺត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៣នេះ ប៉ុន្តែកន្លងមកក៏​ធ្លាប់មានសេចក្តីរាយការណ៍ផងដែរ ពាក់ព័ន្ធលទ្ធភាពដែលថា អាណត្តិរបស់លោកអាចនឹងត្រូវពន្យារបន្ថែមទៀត។ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ គឺមួយខែក្រោយរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន NATO បានសម្រេចពន្យារអាណត្តិលោក ស្តូលថិនបឺគ ថែមមួយឆ្នាំ គឺរហូតដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ លោក ជែន ស្តូលថិនបឺគ បានកាន់តំណែងជាអគ្គលេខាធិការ NATO ចាប់តាំងតែពីឆ្នាំ២០១៤មក៕