(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានទៅប្រទេសអារ៉ាប៊ីសាអូឌីតម្តងទៀត ដែលលើកនេះគឺលោកBlinken។ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ខែមិថុនា លោកBlinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត។

នេះជាការបំពេញទស្សនកិច្ចលើកទីបី នៅអារ៉ាប៊ីសាអូឌីតរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនៅឆ្នាំនេះ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកBurnsប្រធានទីភ្នាក់ងារស៊ើបការណ៍សង្ងាត់អាមេរិកនៅ ខែមេសា និងដំណើរទស្សនកិច្ចរបស់លោកSullivanទីប្រឹក្សាសន្តិសុខជាតិអាមេរិកនៅខែឧសភាដោយ។ ការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters សម្គាល់ឃើញថា គោលបំណងសំខាន់បំផុតនៃដំណើរទស្សនកិច្ច របស់ភាគីអាមេរិកលើកនេះគឺដើម្បីទប់ស្កាត់ការប្រែប្រួល ភូមិសាស្ត្រនយោបាយដែលកើតឡើងនៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗ ហើយសង្ឃឹមថានឹងជួយស្រោចស្រង់ប្រព័ន្ធសម្ព័ន្ធភាពមជ្ឈិមបូព៌ា តាមរយៈការពង្រឹងទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត។
នៅថ្ងៃដដែលដែលលោកBlinken បានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត បានកើតមានព្រឹត្តិការណ៍ពីរនៅមជ្ឈិមបូព៌ា៖ ទីមួយ គឺស្ថានទូតអ៊ីរ៉ង់ប្រចាំអារ៉ាប៊ីសាអូឌីត បានដាក់ឱ្យប្រើប្រាស់ជាថ្មីឡើងវិញ។ នេះគឺជាការវិវឌ្ឍជានិមិត្តសញ្ញាមួយទៀតនៃទំនាក់ទំនងទ្វេភាគី បន្ទាប់ពីអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានប្រកាសរៀបចំ ទំនាក់ទំនងការទូតឡើងវិញក្រោមកិច្ចសម្របសម្រួលរបស់ប្រទេសចិន ហើយមួយទៀតគឺ ព្រះអង្គម្ចាស់Mohammed ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត បានជួបសន្ទនាជាមួយលោកMaduroប្រធានាធិបតីវេណេស៊ុយអេឡា ដែលទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ភាគីទាំងពីរបានធ្វើការរំពឹងទុកពីអនាគតនៃកិច្ចសហប្រតិបត្តិការ ព្រមនិងឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ។

មជ្ឈិមបូព៌ានាពេលបច្ចុប្បន្ននេះ បានផ្តោតសំខាន់ទៅលើ"ការចាប់ដៃគ្នាដើម្បីសន្តិភាព" ក្រោមការណែនាំនៃការរៀបចំទំនាក់ទំនង ការទូតឡើងវិញរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់។ ប្រទេសអេហ្ស៊ីបនិងតួកគីបានដំឡើងទំនាក់ទំនងការទូត ប្រទេសស៊ីរីបានត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ ហើយទំនាក់ទំនងរវាងអ៊ីរ៉ង់ និងប្រទេសហ្ស៊កដានីជាដើមបានឡើងកំដៅវិញ។ល។ មជ្ឈិមបូព៌ាដែលកាន់តែមាសាមគ្គីភាពនិងភាពម្ចាស់ការ កំពុងកកើតចេញជារូបរាងឡើង។

ស្ថានការណ៍បែបនេះគឺអ្នកស្នេហាសន្តិភាពចង់ឃើញដោយសប្បាយចិត្ត ប៉ុន្តែក៏មាន"ករណីលើកលែងរបស់អាមេរិក"ផងដែរ។ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី២ អាមេរិកគឺជាកម្លាំងតំបន់ខាងក្រៅដ៏ធំបំផុតដែលជះឥទ្ធិពលដល់ស្ថានការណ៍នៅមជ្ឈិមបូព៌ា។ ដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន អាមេរិកបានបង្កបង្កើតភាពចលាចល និងញុះញង់ឱ្យមានការបដិបក្ខគ្នានៅមជ្ឈិមបូព៌ា អស់រយៈពេលជាយូរ ដែលបានក្លាយជា"ស្ដេចបំផ្លាញកំពូល"នៅតំបន់មជ្ឈិមបូព៌ា។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ស្របតាមការរំកិលនៃគោលដៅសំខាន់ ជាយុទ្ធសាស្ត្រនិងលែងពឹងផ្អែកទៅលើថាមពលមជ្ឈិមបូព៌ា ទំនាក់ទំនង"យកប្រេងកាតដូរយកសន្តិសុខ" រវាងអាមេរិកនិងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាដូចជាអារ៉ាប៊ីសាអូឌីត ជាដើមកាន់តែមានភាពធូររលុង។លើសពីនេះទៅទៀត ការតម្លើងអត្រាការប្រាក់ដោយមិនទទួលខុសត្រូវរបស់អាមេរិក បានធ្វើឱ្យប្រទេសអេហ្ស៊ីប និងលីបង់ជាដើមរងទុក្ខយ៉ាងខ្លាំង ព្រមទាំងអាមេរិកបានជំរុញការប៉ះទង្គិចរវាងរស្ស៊ី និងអ៊ុយក្រែនជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រទេសនាំចូលស្បៀងដូចជាអេហ្ស៊ីបជាដើម ធ្លាក់ក្នុងវិបត្តិស្បៀងយ៉ាងខ្លាំង ប្រទេសមជ្ឈិមបូព៌ាបានដឹងខ្លួនយ៉ាងច្បាស់ថា៖អាមេរិកមិនអាចជឿទុកចិត្តបានទេ អនាគតនិងវាសនាចាំបាច់ត្រូវក្តាប់ក្នុងដៃរបស់ពួកគេឱ្យជាប់។

មជ្ឈដ្ឋានខាងក្រៅក៏បានកត់សម្គាល់ផងដែរថា ទីភ្នាក់ងារសារព័ត៌មានReutersបានដកស្រង់ពាក្យសំដីរបស់ឥស្សរជនវិភាគថា គោលបំណងមួយនៃការបំពេញទស្សនកិច្ចរបស់លោកBlinken លើកនេះ គឺថា អាមេរិករំពឹងថានឹងទទួលការគាំទ្រពីអារ៉ាប៊ីសាអូឌីត ក្នុងការបញ្ចុះតម្លៃប្រេង ដើម្បីកាត់បន្ថយអតិផរណាដ៏ខ្ពស់ក្នុងស្រុក។ ប៉ុន្តែមុនពេលលោកBlinken ទៅដល់អារ៉ាប៊ីសាអូឌីត អង្គការ"OPECបូក"បានប្រកាសថានឹងពន្យារពេលបន្តកាត់បន្ថយ ផលិតកម្មដែលមានស្រាប់រហូតដល់ឆ្នាំ២០២៤។ នេះគឺស្មើនឹងការ"ទះកំផ្លៀង"របស់លោកBlinken ហើយវាហាក់ដូចជាបង្ហាញទុកជាមុនថា ដំណើរទស្សនកិច្ចរបស់លោកលើកនេះ ពិបាកនឹងមានការវិវឌ្ឍន៍ទៅមុខខ្លាំងណាស់។

"ចរន្តផ្សះផ្សា"ដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាបានពិនិត្យផ្ទៀងផ្ទាត់ទស្សនៈរបស់លោកGause បញ្ញវន្តរបស់អាមេរិកដែលថា៖ យុគសម័យដែលអាមេរិកត្រួតត្រាមជ្ឈិមបូព៌ា បានឈានចូលដល់ទីបញ្ចប់ហើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន