(ព្រុចសែល)៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ នឹងត្រូវចូលនិវត្តន៍នៅក្នុងខែកញ្ញា ខាងមុខនេះហើយ។ តើនរណានឹងសក្តិសមជាមនុស្ស បន្តវេនពីរូបលោក? ការជ្រើសរើសបេក្ខជនបន្តវេននេះ ត្រូវគេរាយការណ៍ថាគឺជាមនុស្សដែលមិនត្រឹមតែមានទស្សនៈដាច់ខាត ប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចក្ខុវិស័យចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថែមទៀត។

ការប្រជែងគ្នាសម្រាប់តំណែងមេដឹកនាំថ្មីរបស់អង្គការណាតូ កាន់តែមានសភាពពុះកញ្ជ្រោល។ ប៉ុន្តែការប្រណាំងប្រជែងភាគច្រើនត្រូវគេឃើញថាបានរត់នៅក្នុង សភាពងងឹតដោយមិនទាន់មានអ្នកឈ្នះ ឬអ្នកណាចាញ់អាចបញ្ជាក់ច្បាស់លាស់បានឡើយ។ លោក Jens Stoltenberg សញ្ជាតិន័រវែស ដែលមានតំណែងជា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើងដែលគេស្គាល់ថាជាអង្គការណាតូ គ្រោងនឹងចូលនិវត្តន៍នៅចុងខែកញ្ញា បន្ទាប់ពីកាន់តំណែង២អាណត្តិ រយៈពេលប្រាំបីឆ្នាំ។ លោក Jens Stoltenberg គឺជាមនុស្សម្នាក់ដែលគេចាត់ទុកថាមានស្នាដៃល្អណាស់ក្នុងការប្រមែប្រមូលប្រទេសជាសមាជិករួមគ្នា និងបានធ្វើដំណើរឆ្លងកាត់ឧបសគ្គជាច្រើនរបស់ពិភពលោករួមទាំងការប្រមូលគ្នាប្រឆាំង នឹងការធ្វើសង្គ្រាមរបស់រុស្ស៊ីក្នុងសង្គ្រាមលើទឹកដី របស់អ៊ុយក្រែនថែមទៀត។

* តើអ្នកណាដែលសក្តិសមនឹង ក្លាយជាប្រធានថ្មីរបស់អង្គការណាតូ?

សមាជិករបស់អង្គការណាតូជាច្រើន ចង់ឃើញនូវការសម្រេចចិត្តមនុស្សដាក់ជំនួសថ្មីដើម្បី ពួកគេបានដឹង នៅក្នុងពេលមានកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងប្រទេសលីទុយអានី នាពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣នេះ ឬឱ្យបានដឹងមុនពេលដែលកិច្ចប្រជុំកំពូលប្រព្រឹត្តទៅ។ ប៉ុន្តែ រយៈពេលពីពេលនេះ រហូតដល់ កិច្ចប្រជុំកំពូលរបស់អង្គការណាតូនោះ នឹងមិនមានពេលវេលាច្រើនគ្រប់គ្រាន់ដើម្បីនឹងអាចឱ្យពូកគេមើលឃើញនូវចំណុចពិសេសរបស់មេដឹកនាំថ្មី ដែលនឹងឈានដល់កិច្ចព្រមព្រៀងសម្រាប់រកមេដឹកនាំថ្មីនៃអង្គការណាតូនោះឡើយ។ ហើយបើសិនជាពួកគេមិនអាចរកឃើញអ្នកថ្មីដែលសក្តិសមជាងលោក Jens Stoltenberg នោះគេក៏នឹងអាចស្នើឱ្យលោក Jens Stoltenberg ពន្យាការបន្តអាណត្តិទី៣របស់លោកទៀត ក៏អាចថាបាន។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលនឹងចូលកាន់តំណែងជាប្រធានអង្គការណាតូថ្មី គឺនឹងត្រូវប្រឈមមុខនឹងភារកិច្ចពីរ ក្នុងនោះភារកិច្ចមួយគឺការរក្សាសម្ព័ន្ធមិត្ត ក្នុងអង្គការណាតូឱ្យរួបរួមគ្នាដើម្បីបន្តជួយគាំទ្រអ៊ុយក្រែន ខណៈភារកិច្ចមួយទៀត គឺត្រូវជៀសវាងការបង្កើនភាពតានតឹងណាមួយនាពេលនេះដែលអាចនាំឱ្យ អង្គការ NATO មានការប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៊ី។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានបង្ហាញចំណាប់អារម្មណ៍ ចំពោះមុខតំណែងជាប្រធានថ្មីនេះ។ លោក Ben Wallace អាយុ៥៣ឆ្នាំគឺជាមនុស្សម្នាក់ដែលគេបរិយាយថាមានទំនាក់ទំនងល្អ និងទទួលបានការកោតគោរព ពីបណ្តាសមាជិកអង្គការណាតូដទៃទៀតផងដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានបង្ហាញសញ្ញាគាំទ្រលោក Ben Wallace ថែមទៀត ក្នុងបេក្ខជនរបស់ប្រធានថ្មីអង្គការណាតូ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានថ្លែងថាលោក Ben Wallace មានកិច្ចការរបស់ខ្លួនល្អណាស់ ហើយក៏ជារដ្ឋមន្ត្រីការពារជាតិដ៏ឆ្នើមរបស់ប្រទេស អង់គ្លេសផងដែរ។ លោក Rishi Sunak បានថ្លែងថាការវាយតម្លៃនេះបានបង្ហាញតាមរយៈកិច្ចសន្ទនានានាដែលបានកើតឡើងក្នុងរង្វង់បណ្តាមេដឹកនាំពិភពលោក, ជាពិសេសក្នុងតួនាទីរបស់លោកដែលបានរួមចំណែកក្នុងការជួយគាំទ្រប្រទេសអ៊ុយក្រែន ដែលប្រទេសអង់គ្លេសគឺជាប្រទេស រួមចំណែកនាំមុខមួយចំពោះកិច្ចការ របស់អង្គការណាតូ។ សេចក្តីរាយការណ៍បានបង្ហាញថាលោកនាយករដ្ឋមន្ត្រី Rishi Sunak ថែមទាំងបានធ្វើ Lobby ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីស្វែងរកការគាំទ្រលោក Ben Wallace ដើម្បីក្លាយជាប្រធានថ្មីរបស់អង្គការណាតូថែមទៀត។ ប៉ុន្តែ ប្រទេសជាសមាជិកមួយចំនួនដូចជាបារាំង ដែល ចង់ឱ្យមានសមាជិកក្នុងសហគមន៍អឺរ៉ុប ជាពិសេសស្ត្រីដើម្បីធ្វើជាអគ្គលេខាធិការអង្គការណាតូជាលើកដំបូង។ គេចង់ណែនាំនាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក គឺលោកស្រី Mette Frederiksen ដើម្បីឱ្យក្លាយជាគូប្រជែងមួយ ក្នុងតំណែងជាប្រធានថ្មីអង្គការណាតូនេះ។

លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាករូបនេះ ត្រូវគេឃើញថា គឺជាអ្នកគាំទ្រយ៉ាងសកម្មក្រៃលែងដល់អង្គការណាតូក្នុងការរួមគ្នាប្រឆាំងរុស្ស៊ី ដែលធ្វើសង្គ្រាមក្នុងទឹកដី អ៊ុយក្រែន។ សមាជិកអង្គការណាតូខ្លះ បានកោតសរសើរកិច្ចការរបស់លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក ដែលគេនិយាយថាមានការទទួលស្គាល់ជាអន្តរជាតិនិង ក៏មានការកោតគោរពចំពោះកិច្ចប្រឹងប្រែងរបស់លោកស្រីក្នុងការពង្រឹងសាមគ្គីភាពក្រុមប្រទេសលោកខាងលិចដើម្បីរួមគ្នាប្រឆាំងនឹងការធ្វើសង្គ្រាមរុស្ស៊ី ក្នុងទឹកដី អ៊ុយក្រែននោះផងដែរ។ ប៉ុន្តែនាយករដ្ឋមន្ត្រីដាណាម៉ាករូបនោះ បានថ្លែងថាលោកស្រីមិនបានគិតថានឹងត្រូវយកតំណែងជាប្រធានថ្មីរបស់អង្គការណាតូ នោះឡើយ។

សហរដ្ឋអាមេរិកដែលជាចន្ទល់ដ៏ធំបង្អស់នៅពីក្រោយអង្គការណាតូនៅមិនទាន់បានបង្ហាញជំហររបស់ខ្លួនគាំទ្រចំពោះបេក្ខជនណាម្នាក់នៅឡើយទេ បើទោះបីជា ប្រទេសអង់គ្លេសបាន Lobby ចង់ឱ្យសហរដ្ឋអាមេរិកគាំទ្របេក្ខភាពលោក Ben Wallace ក៏ដោយ។ ទស្សនៈរបស់សហរដ្ឋអាមេរិកដែលប្រទេសសំខាន់បំផុតមួយ ក្នុងចំណោមប្រជាជាតិទាំង៣១របស់អង្គការណាតូ នឹងត្រូវគេចាត់ទុកថា ជាទស្សនៈដែលនឹងមិនអាចមានឧបសគ្គចំពោះការជ្រើសរើសប្រធានថ្មីនៃអង្គការណាតូ នោះឡើយ។

ថ្វីត្បិតតែមុខតំណែងជាប្រធានអង្គការណាតូនេះ គឺជាមុខតំណែងដែលលេចធ្លោ ប៉ុន្តែការប្រកួតប្រជែងគឺមិនសូវមានលក្ខណៈតម្លាភាពល្អឡើយ។ ការប្រកួតប្រជែង ត្រូវធ្វើភាគច្រើនតាមរយៈកិច្ចសន្ទនាក្នុងចំណោមបណ្តាមេដឹកនាំនិងមន្ត្រីការទូត…ហើយកិច្ចសន្ទនាទាំងនោះនឹងជួយឱ្យសមាជិកនៃអង្គការណាតូទាំងអស់អាច មើលឃើញថាតើចំណុចនៃបេក្ខភាពរបស់អ្នក ស្នងថ្មីនោះ បានចំចំណុចដែលគេចង់បានដែរឬយ៉ាងណា? បើយោងតាមអតីតមន្ត្រីជាន់ខ្ពស់អង្គការណាតូម្នាក់ គឺ លោក Jamie Shea ដែលធ្លាប់បានធ្វើការរយៈពេល ៣៨ឆ្នាំជាមួយនឹងអង្គការណាតូ លោកបាននិយាយថា, បេក្ខជនដែលជាថ្នាក់ដឹកនាំប្រទេស នឹងត្រូវបានគេ វាយតម្លៃជាបេក្ខជនដែលស័ក្តិសម។ បើសិនជាពាក់ព័ន្ធនឹងតួនាទីជាថ្នាក់ដឹកនាំប្រទេសនោះមែន, បេក្ខភាពនៃរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallaceក្នុងការក្លាយជាប្រធានថ្មីរបស់អង្គការណាតូនោះ ប្រហែលជាគ្មានសង្ឃឹមឡើយ។

លោក Jamie Shea បានថ្លែងទៀតថាចំណុចសំខាន់នៃការវាយតម្លៃគឺត្រូវចេះ «រក្សាឳបក្រសោប រង្វង់ក្រុមគ្រួសារណាតូឱ្យរស់នៅជាមួយគ្នា…រក្សាសមាជិកគ្រប់គ្នា ក្នុងភាពសាមគ្គីជានិច្ចជាកាល…និងមានទំនាក់ទំនងជាមួយបណ្តាសម្ព័ន្ធមិត្ត ដើម្បីប្រាកដថាអ្នកកំពុងដោះស្រាយកង្វល់របស់ពួកគេ»។ ការបង្ហាញនូវមនុស្សដែល ស័ក្តិសមនៃតំណែងប្រធានថ្មីរបស់អង្គការណាតូ ក្រៅពីលោក Ben Wallace និងលោកស្រី Mette Frederiksen ក៏មានការបង្ហាញនូវស្ត្រីជានាយករដ្ឋមន្ត្រីអេស្តូនី គឺលោកស្រី Kaja Kallas។ ក្រៅពីនេះក៏មានការបង្ហាញឈ្មោះប្រធានគណៈកម្មការសហគមន៍អឺរ៉ុប គឺលោកស្រី Ursula von der Leyen សញ្ជាតិអាល្លឺម៉ង់ និងស្ត្រីម្នាក់ទៀតគឺឧបនាយករដ្ឋមន្ត្រីកាណាដា លោកស្រី Chrystia Freeland ផងដែរ។

មន្ត្រីកិច្ចការជំនាញបរទេស បានថ្លែងចង្អុលបង្ហាញថា អ្នកស្នងតំណែងរបស់លោក Jens Stoltenberg គឺត្រូវតែជាមនុស្សចាំបាច់ត្រូវចេះប្រាស្រ័យទាក់ទងដែល មានជំនាញខ្ពស់ និងជាមនុស្សដែលអាចប្រមូលផ្តុំឱ្យគេរូមគ្នាធ្វើកិច្ចការនយោបាយ, ធ្វើកិច្ចការការទូត និងយោធាជុំវិញចក្ខុវិស័យរួមដែលជាទស្សនៈចង់បានរបស់ លោកខាងលិច។ មន្ត្រីជំនាញ បាននិ យាយទៀតថាបុគ្គលដែលស្នងនោះទៀត គឺជាមនុស្សដែលត្រូវតែរឹងមាំប្រឆាំងនឹងរុស្ស៊ី ហើយក៏ជាមនុស្សដែលត្រូវមាន យុទ្ធសាស្ត្រថ្មីសម្តៅចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ៕