(ដាកា)៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ក្នុងប្រទេសបង់ក្លាដែស បានធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឱ្យពួកគេបានត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ចាប់តាំងពីការរត់គេចពីការបង្ក្រាបដ៏ឃោរឃៅរបស់យោធា នៅក្នុងប្រទេសកំណើតរបស់ពួកគេក្នុងឆ្នាំ២០១៧។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ ត្រូវបានប្រមូលផ្តុំទៅក្នុងជំរុំជនភៀសខ្លួននៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ដែលបានក្លាយជាកន្លែងតាំងលំនៅរបស់ជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងពិភពលោក។

ក្នុងអំឡុងពេលបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍នៅទូទាំងជំរុំ ជនភៀសខ្លួនទាំងក្មេងទាំងចាស់បានគ្រវីបដា និងស្រែកពាក្យស្លោកថា «គ្មានជីវិតជនភៀសខ្លួនទៀតទេ។ គ្មានការផ្ទៀងផ្ទាត់ គ្មានសុវត្ថិភាព គ្មានការសម្ភាសន៍... យើងចង់ត្រឡប់ទៅប្រទេសកំណើតរបស់យើងវិញ..»

មេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ា លោក Mohammad Jashim បាននិយាយថា គាត់ចង់ត្រលប់ទៅមីយ៉ាន់ម៉ាវិញ ប៉ុន្តែចង់បានសិទ្ធិជាពលរដ្ឋត្រូវបានធានា។

លោកបាននិយាយថាយ៉ាងដូច្នេះថា «យើងជាពលរដ្ឋមីយ៉ាន់ម៉ាពីកំណើត។ យើងចង់ត្រឡប់ទៅផ្ទះវិញជាមួយនឹងសិទ្ធិទាំងអស់របស់យើង រួមទាំងសញ្ជាតិ ការបំលាស់ទីដោយសេរី ជីវភាពរស់នៅមានសុវត្ថិភាព និងសន្តិសុខ»

លោកបានបន្តថា «យើង​ចង់​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ ជួយ​យើង​ឱ្យ​ត្រឡប់​ទៅ​មាតុភូមិ​យើង​វិញ។ យើង​ចង់​ឲ្យ​សហគមន៍​ពិភពលោក​ជួយ​យើង​ដើម្បី​រក្សា​សិទ្ធិ​របស់​យើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»

គួរបញ្ជាក់ថា ការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍នៅឆ្នាំ ២០១៨ និង២០១៩ បានបរាជ័យ ខណៈជនភៀសខ្លួនមិនព្រមវិលត្រឡប់មកវិញ ដោយខ្លាចមានការកាត់ទោស៕