(ណៃរ៉ូប៊ី)៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងផ្អាកជំនួយស្បៀងអាហារដល់ប្រទេសអេត្យូពី ដោយសារការបរិច្ចាគរបស់ខ្លួន ត្រូវបានបង្វែរចេញពីអ្នកដែលត្រូវការជំនួយពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី០៨ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការ​ USAID ដោយមានការសម្របសម្រួលពីរដ្ឋាភិបាលអេត្យូពី កំណត់បាន «យុទ្ធនាការទ្រង់ទ្រាយធំមួយ ដែលកំពុងបង្វែរជំនួយស្បៀងអាហារពីប្រជាជនអេត្យូពី»។

សេចក្តី​ថ្លែងការណ៍​មិន​បាន​បញ្ជាក់​ថា​ អ្នក​ណា​នៅ​ពី​ក្រោយ​យុទ្ធនាការ​នេះ​ទេ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតដល់ប្រទេសអេត្យូពី ដែលមានមនុស្សជាង ២០លាននាក់ត្រូវការជំនួយស្បៀងអាហារ ដែលភាគច្រើនដោយសារតែគ្រោះរាំងស្ងួត និងសង្រ្គាមដែលទើបបានបញ្ចប់ថ្មីៗ នៅភាគខាងជើងនៃ តំបន់ Tigray ។

ដោយផ្អែកលើការរបាយការណ៍ផ្ទៃក្នុង ពីក្រុមម្ចាស់ជំនួយបរទេសដែលបានផ្តល់ជំនួយដល់ប្រទេសអេត្យូពី អង្គការ USAID ជឿថា ជំនួយស្បៀងអាហារទាំងនោះ ត្រូវបានបង្វែរទៅអង្គភាពយោធាអេត្យូពី។

ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល និងយោធាអេត្យូពី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ខណៈអង្គការ USAID ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះដែរ៕