(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្តាហន៍នេះ បានប្រកាសដាក់ទណ្ឌកម្មថ្មីលើបេឡារុស្ស ដែលជាការដាក់ទណ្ឌកម្មចុងក្រោយបំផុត សម្រាប់ការគាំទ្ររបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣។

ទីក្រុងឡុងដ៍បាននិយាយថា ការដាក់ទណ្ឌកម្មថ្មីនេះនឹងប៉ះពាល់ដល់ការនាំចេញរបស់បេឡារុស្ស ដែលបាននិងកំពុងផ្តល់ថវិកាដល់រដ្ឋាភិបាលរបស់មេដឹកនាំផ្តាច់ការ Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនលើកមកលើទីក្រុងមូស្គូ និងប្រទេសជិតខាងភាគខាងលិចរបស់ខ្លួនគឺទីក្រុង Minsk បន្ទាប់ពីរុស្ស៉ីបានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។

បច្ចុប្បន្ន ចក្រភពអង់គ្លេសបានហាមឃាត់ការនាំចូលមាស ស៊ីម៉ងត៍ ឈើ និងកៅស៊ូពីប្រទេសបេឡារុស ហើយរារាំងការនាំចេញក្រដាសប្រាក់ និងគ្រឿងចក្រ ព្រមទាំងទំនិញ បច្ចេកវិទ្យា និងសម្ភារៈដែលអាចប្រើសម្រាប់ផលិតអាវុធគីមី និងជីវសាស្ត្រ។

វិធានការថ្មីនេះនឹងផ្តល់ហេតុផលដល់អង់គ្លេស ដើម្បីទប់ស្កាត់ប្រព័ន្ធផ្សព្វផ្សាយបេឡារុស្ស ពីការផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងចក្រភពអង់គ្លេស រួមទាំងអនឡាញផងដែរ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកផ្តល់សេវាអ៊ិនធឺណិតនឹងត្រូវបានតម្រូវឱ្យដាក់កម្រិតការចូលទៅកាន់គេហទំព័ររបស់អង្គការប្រព័ន្ធផ្សព្វផ្សាយបេឡារុស្ស ដែលត្រូវបានទទួលរងទណ្ឌកម្ម ដូចគ្នា​នឹង​ហាង​លក់​ទំនិញ​រុស្ស៊ី​ដែរ។

វិធានការថ្មីនេះក៏បានពង្រីកលក្ខណៈវិនិច្ឆ័យដាក់ទណ្ឌកម្មផងដែរ ដោយផ្តល់ឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសនូវមូលដ្ឋាន ដើម្បីកំណត់គោលដៅកាន់តែទូលំទូលាយ លើប្រជាជនបេឡារុស្ស ដូចជាជំនួយការ ទីប្រឹក្សា និងរដ្ឋមន្ត្រីរបស់ លោក Lukashenko ជាដើម៕