(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន ណារូហ៉ីតូ (Naruhito) និងព្រះមហេសី ម៉ាសាកូ (Masako) នឹងយាងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅក្នុងខែមិថុនា នេះ ដែលជាព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងបំផុត ចាប់តាំងពីព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ តាំងពីឆ្នាំ២០១៩មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

បើតាមរដ្ឋាភិបាលជប៉ុន ព្រះចៅអធិរាជ ណារូហ៉ីតូ នឹងយាងបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូណេស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនានេះ បន្ទាប់ពី ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានធ្វើការអញ្ជើញព្រះអង្គ និងព្រះមហេសី អំឡុងដំណើរទស្សនកិច្ចមួយក្នុងទីក្រុងតូក្យូ កាលពីឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ គីស៉ីដា បានគូសបញ្ជាក់ដូច្នេះថា «ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមនូវចំណងមិត្តភាពរវាង ប្រទេសទំាង២ ក៏ដូចជាបង្ហាញពីសុច្ឆន្ទៈជាមួយឥណ្ឌូណេស៊ី»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ព្រះចៅអធិរាជជប៉ុន ណារូហ៉ីតូ (Naruhito) និងព្រះមហេសី ម៉ាសាកូ (Masako) បានយាងបំពេញទស្សនកិច្ចទៅក្រៅប្រទេសជា លើកដំបូងចាប់តាំងពីឡើងសោយរាជ្យ ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់ព្រះម្ចាស់ក្សត្រីយ៍ Elizabeth II ក្នុងទីក្រុងឡុងដ៍៕