(ខាទុំ)៖ រដ្ឋាភិបាលនៃប្រទេសស៊ូដង់ បានប្រកាសចាត់ទុកបេសកជនអង្គការសហប្រជាជាតិ លោក វ៉ុលឃឺ ភឺត (Volker Perthes) ជា «ជនមិនត្រូវបានស្វាគមន៍» តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រមុខកងទ័ពស៊ូដង់ លោក អាប់ឌែល ហ្វាតាស់ អាល់ បួរហាន់ (Abdel Fattah al-Burhan) ចោទប្រកាន់លោក Perthes ថាបាន បង្កឱ្យជម្លោះផ្ទុះឡើងកាន់តែខ្លាំង និងជំរុញឱ្យមានការបណ្ដេញរូបលោកពីអំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋាភិបាលស៊ូដង់ បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលនៃសាធាណរដ្ឋស៊ូដង់ បានជូនដំណឹង ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ថាលោក Volker Perthes ត្រូវបានប្រកាសចាត់ទុកថាជាជនមិនត្រូវបានស្វាគមន៍ ចាប់ពីថ្ងៃនេះតទៅ»

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Volker Perthes កំពុងស្ថិតនៅក្នុងទីក្រុង អាឌីស អាបេបា (Addis Ababa) នៃប្រទេសអេត្យូពី ដើម្បីចូលរួមក្នុងកិច្ចប្រជុំការទូត មួយចំនួន។ ចាប់តាំងពីចុងឆ្នាំ២០២២មក លោក Perthes និងបេសកកម្ម UN ដែលលោកដឹកនាំ ក្នុងប្រទេសស៊ូដង់ បានរងការថ្កោលទោសយ៉ាងខ្លាំងពីយោធាថា បានលូកលាន់កិច្ចការផ្ទៃក្នុងរបស់ស៊ូដង់៕