(អូតាវ៉ា)៖ សម្ព័ន្ធមិត្តជុំវិញពិភពលោក បានសន្យាថានឹងបង្កើនជំនួយរបស់ពួកគេដល់ប្រទេសកាណាដា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆាបឆេះដែលកំពុងរាលដាលពាសពេញប្រទេស ក្នុងរដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

ភ្លើងឆេះព្រៃដែលកើតឡើងតាំងតែពីខែមុនម្ល៉េះនោះ បានបង្ខំមនុស្សរាប់ម៉ឺននាក់ចាកចេញពីផ្ទះរបស់ពួកគេ ហើយបានបញ្ចេញផ្សែងអ័ព្ទយ៉ាងសន្ធោសន្ធៅទៅដល់តំបន់មួយផ្នែកធំនៃសហរដ្ឋអាមេរិក។ ផ្ទៃដីប្រហែល ៤.៣លានហិកតាបានឆេះរួចហើយ ស្មើនឹងប្រហែល ១៥ដងនៃមធ្យមភាគប្រចាំឆ្នាំ ក្នុងទសវត្សរ៍កន្លងមក។ ជាមួយគ្នានេះអាកាសធាតុក្តៅ និងស្ងួតក៏ត្រូវបានគេរំពឹងថានឹងបន្តអូសបន្លាយពេលប៉ុន្មានខែខាងមុខទៀត។

សហរដ្ឋអាមេរិក បានបញ្ជូនបុគ្គលិកពន្លត់អគ្គីភ័យរាប់រយនាក់ទៅកាន់ប្រទេសកាណាដា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយបញ្ជាក់ថាការផ្តល់ជំនួយបន្ថែមទៀតគឺកំពុងដំណើរការ។ ជំនួយក៏មានមកពីអាហ្វ្រិកខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ផងដែរ ខណៈប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសបារាំង ព័រទុយហ្គាល់ និងអេស្ប៉ាញ ក៏កំពុងបញ្ជូនអ្នកពន្លត់អគ្គីភ័យជាង ២៨០នាក់ទៅកាន់ប្រទេសកាណាដាផងដែរ។

គួរបញ្ជាក់ថា កតា្តភ្លើងឆេះព្រៃ បានប៉ះពាល់ដល់ប្រតិបត្តិការរុករករ៉ែនៅកាណាដា និងរំខានដល់ការហោះហើរក្នុងសហរដ្ឋអាមេរិក។ ទោះបីករណីភ្លើងឆេះព្រៃគឺជារឿងធម្មតានៅណាដាក៏ដោយ តែការឆាបឆេះដែលកំពុងកើតឡើងដំណាលគ្នានៅឯភាគខាងកើត និងខាងលិច បានបង្ខំឲ្យរដ្ឋាភិបាលបញ្ជូនទាហានទៅជួយសង្រ្គោះ ក៏ដូចជាជំរុញឲ្យមានការព្រួយបារម្ភអំពីផលវិបាកកាន់តែអាក្រក់ នៃការប្រែប្រួលអាកាសធាតុ៕