(សេអ៊ូល)៖ ឯកអគ្គរដ្ឋទូតចិននៅទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូងប្រហែលជាកំពុងសម្រេចចិត្តខុសហើយ ជុំវិញការប្រកួតប្រជែងរវាង​ចិននិងសហរដ្ឋអាមេរិក ហើយបានទទូចឱ្យទីក្រុងសេអ៊ូល ឈប់ព្យាយាមដកខ្លួនឃ្លាតឆ្ងាយពីចិន និងស្តារទំនាក់ទំនងសេដ្ឋកិច្ចក៏ដូចជាការទូតឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

អគ្គរដ្ឋទូតចិនលោក ស៉ីង ហៃមីង (Xing Haiming) បានធ្វើការលើកឡើងដូចខាងលើ កំលុងជំនួបកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយលោក លី ចែម្យុង (Lee Jea Myung) ដែលជាប្រធានគណបក្សប្រឆាំងធំជាងគេរបស់កូរ៉េខាងត្បូង។ លោក លី ធ្លាប់រិះគន់ទៅលើ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ថា ប្រកាន់ជំហរទោរទន់ជ្រុលទៅរកសហរដ្ឋអាមេរិក ជាហេតុនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។

លោក ស៉ីង បានបន្ទោសថា ទីក្រុងសេអ៊ូលបានបង្កើតបញ្ហាលំបាក នៅក្នុងទំនាក់ទំនាក់ទ្វេភាគីជាមួយចិន តាមរយៈការមិនផ្តល់ការគោរពចំពោះ ផលប្រយោជន៍ស្នូលរបស់ទីក្រុងប៉េកាំង ជាពិសេសរឿងកោះតៃវ៉ាន់ ដោយសារស្ថិតក្រោមឥទ្ធិពលរបស់ទីក្រុងវ៉ាស៉ីនតោន។ លោកអគ្គរដ្ឋទូតចិន បានបន្តយ៉ាងដូច្នេះថា «នៅក្នុងស្ថានភាពមួយ ដែលសហរដ្ឋអាមេរិកកំពុងខំប្រឹងដាក់ សម្ពាធលើចិនយ៉ាងអស់ពីលទ្ធភាព ប្រទេសមួយចំនួនកំពុង​ភ្នាល់ថា សហរដ្ឋអាមេរិកនឹងឈ្នះ ហើយចិននឹងចាញ់។ នេះគឺជាការវិនិច្ឆ័យខុសសុទ្ធសាធ។ ខ្ញុំអាចធានាបានថា ប្រទេសនានាដែលភ្នាល់ថា ចិននឹងបរាជ័យនោះ គឺច្បាស់ជានឹងស្តាយក្រោយមិនខានឡើយ»។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ទីក្រុងសេអ៊ូលនិងទីក្រុងប៉េកាំង បានផ្លោងពាក្យសម្តីដាក់គ្នា ជុំវិញការអត្ថាធិប្បាយរបស់លោក យូន ស្តីពី​កោះតៃវ៉ាន់។ ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters នាពេលនោះ លោក យូន បាននិយាយថា ការកើនឡើងនៃភាពតានតឹង​ជុំវិញតៃវ៉ាន់ គឺដោយសារតែការប៉ុនប៉ងកែប្រែស្ថានភាពដើមដោយបង្ខំ ហើយលោកជំទាស់ដាច់ខាត ចំពោះការផ្លាស់ប្តូររបៀបនោះ៕