(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រនេះបានអំពាវនាវដល់ពលរដ្ឋ និងផ្នែកឧស្សាហកម្មជុំវិញទីក្រុងតូក្យូ ឲ្យប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ នៅក្នុងខែកក្កដា និងសីហា ដើម្បីធានាដល់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអំឡុងរដូវក្តៅខ្លាំង បើទោះបីជាមិនបានកំណត់គោលដៅ ជាតួលេខណាមួយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

តាមការព្យាករណ៍របស់ក្រសួងឧស្សាហកម្ម កាលពីខែឧសភា ប្រភពថាមពលរបស់ជប៉ុននឹងមានភាពខ្វះខាត នៅរដូវក្តៅនេះ ក្នុងតំបន់ភាគច្រើនជាងកាលពីរដូវក្តៅមុន ទើបរដ្ឋាភិបាលស្នើសុំការអភិរក្សថាមពលទូទាំងប្រទេស។ ប៉ុន្តែក្រសួងបានសម្រេចចិត្ត ស្នើសុំការសន្សំថាមពល «ក្នុងពេលវេលាសមរម្យ» គឺត្រឹមរយៈពេលពីរខែប៉ុណ្ណោះ នៅក្នុងតំបន់ដែលថាមពលត្រូវបានផ្គត់ផ្គង់ពីក្រុមហ៊ុន Tokyo Electric Power Company Holdings ដោយសារថាមពលបម្រុងប៉ាន់ស្មានមានត្រឹមតែ ៥% ដែលលើសកម្រិតធានាបាន នូវការផ្គត់ផ្គង់តិចតួចប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ សីតុណ្ហភាពក្នុងប្រទេសជប៉ុនបានឡើងដល់ខ្ពស់បំផុត ក្នុងរដូវកាលនេះ ចាប់តាំងពីមានកំណត់ត្រាក្តៅខ្លាំង នៅភាគខាងកើតប្រទេសជប៉ុន រយៈពេលមួយសប្តាហ៍នៃខែមិថុនា ដែលកាលនោះបានជំរុញឲ្យរដ្ឋាភិបាល ស្នើដល់ពលរដ្ឋកាត់បន្ថយការប្រើប្រាស់ អគ្គិសនីតាមដែលអាចធ្វើទៅបាន៕