(ប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរបានកើតមានលើផ្នែកខ្លះ នៃភាគនិរតីប្រទេសចិន នៅថ្ងៃសុក្រនេះ បង្កឲ្យមានទឹកជំនន់នៅក្នុងទីក្រុងមួយចំនួន ដោយផ្លូវថ្នល់ និងអគារត្រូវលិចនៅជំនន់ទឹកភ្លៀង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋបាលឧតុនិយមចិនឲ្យដឹងថា ភ្លៀងខ្លាំងលើកដំបូងក្នុងរដូវក្ដៅ បានធ្លាក់មកលើទីក្រុងប៉ីហៃ (Beihai) នៃ ខេត្តក្វាងស៉ី Guangxi កម្រិត ៤៥៣មីលីម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាកំណត់ត្រាថ្មីប្រចាំថ្ងៃនៅក្នុងតំបន់ សម្រាប់ខែមិថុនា។ វីដេអូផ្សព្វផ្សាយនៅលើ បណ្តាញសង្គម បង្ហាញឲ្យឃើញរថយន្តនានាជាប់គាំងនៅពាក់កណ្តាលផ្លូវ ចំណែកអគារច្រើនជាន់មួយកន្លែង បានរងនូវការជន់លិច។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ទីក្រុងយូលីន (Yulin) ដែលស្ថិតនៅក្បែរនោះក៏មានភ្លៀងធ្លាក់រយៈពេល ៣៥ម៉ោងមកហើយ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ ការិយាល័យឧតុនិយម បានព្យាករថា ភ្លៀងនឹងបន្តធ្លាក់លើតំបន់ភាគខាងត្បូងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ខណៈដែលភាគឦសានក៏ត្រូវបានគេរំពឹងថា នឹងរងការវាយប្រហារដោយព្យុះ ផ្គររន្ទះភ្លាមៗផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិនដែលងាយនឹងមានគ្រោះទឹកជំនន់ កំពុងព្រមានអំពីគ្រោះមហន្តរាយផ្នែកអាកាសធាតុខ្លាំងជាងមុន ដោយសារកត្តាប្រែប្រួលអាកាសធាតុ។ នៅក្នុងខែឧសភា ខេត្តក្វាងស៉ី បានជួបប្រទះគ្រោះរាំងស្ងួតដ៏កម្រ ដោយទឹកភ្លៀងបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៦០ឆ្នាំ។ ដោយឡែក ខេត្តហឺណាន ភាគកណ្តាលនៃប្រទេសចិន នាពេលថ្មីៗនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យពន្លកដំណាំដាំដុះរងការវាយប្រហារ បង្កការព្រួយបារម្ភដល់សន្តិសុខស្បៀង៕