(ភ្នំពេញ)៖ ស្ថានទូតនៃសហព័ន្ធរុស្ស៉ីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរ និងជប់លៀង នៅសណ្ឋាគារសូហ្វីតែល (ភ្នំពេញ) សម្រាប់ទិវានៃប្រទេសរុស្ស៉ី ថ្ងៃទី១២ ខែមិថុនា ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរដោយ ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ព្រមទាំងអ្នកតំណាងជាន់ខ្ពស់នៃព្រះរាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា ភិបាល ក្រសួងមន្ទីរ បញ្ជាការកងកម្លាំងប្រដាប់អាវុធ ព្រមទាំង អង្គទូត មជ្ឈមណ្ឌលវិភាគ និងអាជីវកម្ម សមាជិកសមាគមអតីត និស្សិតកម្ពុជាពីសូវៀត និងរុស្ស៉ី ប្រព័ន្ធផ្សព្វផ្សាយ អ្នកតំណាងវិហារគ្រិស្តអូស្សូដក់រុស្ស៉ី និងភ្ញៀវកិត្តិយសជាច្រើន។

លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៉ី បានកត់សម្គាល់ពីសារសំខាន់នៃពិធីបុណ្យជាតិនេះ ដែលធ្វើជាជានិមិត្តរូបនៃការបង្រួបបង្រួមគ្នារបស់ប្រជាជនរុស្ស៉ី ជុំវិញគុណសម្បត្តិយុត្តិធម៌ជានិច្ចជានិរន្ត៍ ការតភ្ជាប់ទិវានេះជាមួយកិច្ចចាប់ផ្តើមនៃកំណែទម្រង់ប្រជាធិបតេយ្យ និងសេដ្ឋកិច្ចដ៏សំខាន់ៗនៅលើផ្លូវប្រវត្តិសាស្ត្ររបស់រុស្ស៉ី និងការរួមចំណែកយ៉ាងសំខាន់របស់ប្រទេសយើងក្នុងការអភិវឌ្ឍន៍អរិយធម៌ពិភពលោក។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរវាងរុស្ស៉ី និងកម្ពុជា ជំនួយដ៏ធំធេងរបស់ប្រទេសរុស្ស៉ីក្នុងការស្តារកម្ពុជាឡើងវិញ បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ការអភិវឌ្ឍន៍បន្ថែមទៀតនូវអន្តរកម្មទ្វេភាគីក្នុង វិស័យ
ផ្សេងៗ។ លោកបានសម្តែងការជឿជាក់ក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក ជាប្រយោជន៍ដល់ប្រជាជននៃរដ្ឋយើងទាំងពីរ។

នៅក្នុងពិធីនេះដែរ ភ្ញៀវកិត្តិយសក៏បានអញ្ជើញទស្សនាពិព័រណ៍រូបថតនិម្មិត ស្តីពីភាពស្រស់ស្អាត និងសមិទ្ធផលរបស់ប្រទេសរុស្ស៉ី ក៏ដូចជាការសម្តែងផ្សេងៗផងដែរ៕