(ប៉េកាំង)៖ ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិករកុំឱ្យ «ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបា» ជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលថា ទីក្រុងប៉េកាំងកំពុងរៀបចំផែនការបង្កើតមូលដ្ឋានចារកម្មនៅលើកោះនេះ ដែលមានចម្ងាយប្រមាណ១៥០គីឡូម៉ែតពីរដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្អែកលើសេចក្តីថ្លែងការណ៍ របស់មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ ទៅកាន់កាសែត The Wall Street Journal និង CNN ត្រូវបានច្រានចោលថាជា «ព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន» ដោយអនុរដ្ឋមន្ត្រីការបរទេសគុយបា ខណៈដែលសេតវិមានក៏បានបញ្ជាក់ថា មិនត្រឹមត្រូវដែរ។

នៅពេលត្រូវបានសួរអំពីមូលដ្ឋានចារកម្មខាងលើ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា គាត់ «មិនដឹងអំពីរឿងនេះទេ»

ប៉ុ​ន្តែលោក Wang បាននិយាយថា «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូច គឺជាកលល្បិចទូទៅរបស់សហរដ្ឋអាមេរិក ហើយការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃគឺជាប៉ាតង់របស់វា»

ទន្ទឹមនឹងនោះ លោកបានព្រមានថា «សហរដ្ឋអាមេរិកគួរតែគិតពិចារណាដោយខ្លួនឯង ហើយឈប់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបា ក្រោមបដានៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយលុបចោលការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាបន្ទាន់ប្រឆាំងនឹងគុយបា»

គួរបញ្ជាក់ថា កាសែតអាមេរិក Wall Street Journal បានធ្វើសេចក្ដីរាយការណ៍ថា ចិនបានឈានដល់កិច្ចព្រមព្រៀងជាសម្ងាត់ជាមួយប្រទេសគុយបា ក្នុងការដំឡើង ស្ថានីយស៊ើបការណ៍មួយ។ ការដំឡើងស្ថានីយ៍ស៊ើបការណ៍នេះ នឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំង លួចស្ដាប់ និងប្រមូលព័ត៌មានពីការទំនាក់ទំនងនានាតាមប្រព័ន្ធអេឡិចត្រូនិក នៅទូទាំងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ព្រមទាំងអាចតាមដានចរាចរណ៍នាវាផងដែរ។

បើតាម Wall Street Journal ចិន និងគុយបា បានឈានដល់កិច្ចព្រមព្រៀងមួយជាគោលការណ៍ ដោយក្នុងនោះចិននឹងត្រូវបង់ប្រាក់ឱ្យគុយបា រាប់ពាន់លានដុល្លារ ជាថ្នូរនឹងការបើកស្ថានីយ៍ស៊ើបការណ៍៕