(ឡុងដ៍)៖ ស្ថាបនិក WikiLeaks លោក Julian Assange បានបាត់បង់ការប៉ុនប៉ងចុងក្រោយរបស់ខ្លួន ក្នុងការប្រឆាំងនឹងការធ្វើបត្យាប័នពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិក ដែលជាកន្លែងដែលគាត់ត្រូវបានគេចាប់ខ្លួនពីបទឧក្រិដ្ឋ ទោះបីជាគាត់នឹងបន្តបណ្តឹងឧទ្ធរណ៍នៅសប្តាហ៍ក្រោយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក Julian Assange ត្រូវអាជ្ញាធរអាមេរិកតាមចាប់ខ្លួន ក្រោមបទចោទប្រកាន់សរុបចំនួន១៨ករណី រួមមានទាំងបទល្មើសចារកម្មផងដែរ ពាក់ព័ន្ធនឹងឯកសារសម្ងាត់ជាច្រើន ស្តីពីកំណត់ហេតុយោធា និងសារឆ្លើយឆ្លងការទូតរបស់ រដ្ឋាភិបាលអាមេរិក ដែលត្រូវបានទម្លាយដោយវែបសាយ WikiLeaks។

កាលពីខែមករា ឆ្នាំ២០២១កន្លងទៅ ចៅក្រមអង់គ្លេសបានកាត់ក្តីថា លោក Assange ដើមកំណើតអូស្ត្រាលីមិនគួរធ្វើបត្យាប័នទេ ដោយនិយាយថាសុខភាពផ្លូវចិត្តរបស់លោក អាចនឹងប្រឈមនឹងហានិភ័យនៃការធ្វើអត្តឃាត ប្រសិនបើត្រូវបានកាត់ទោស និងឃុំខ្លួននៅក្នុងពន្ធនាគារសន្តិសុខអតិបរមា។

ប៉ុន្តែការសម្រេចចិត្តនោះត្រូវបានលុបចោល បន្ទាប់ពីការប្តឹងឧទ្ធរណ៍ដោយអាជ្ញាធរសហរដ្ឋអាមេរិក ដែលបានផ្តល់ការធានាជាច្រើនរួមទាំងការសន្យាថា គាត់អាចត្រូវបាននាំទៅអូស្ត្រាលីដើម្បីអនុវត្តការកាត់ទោសណាមួយ។ កាលពីខែមិថុនាឆ្នាំមុន រដ្ឋមន្រ្តីមហាផ្ទៃចក្រភពអង់គ្លេស លោកស្រី ភ្រីទី ផាទែល (Priti Patel) បានយល់ព្រមធ្វើបត្យាប័នរូប លោក Assange ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខការកាត់ទោសនៅទីនោះ ខណៈលោកបានបន្តប្តឹងជំទាស់នឹងការសម្រេចចិត្តនេះ ទៅកាន់តុលាការជាន់ខ្ពស់។

ក្នុងសប្តាហ៍នេះចៅក្រមតុលាការជាន់ខ្ពស់នៅទីក្រុងឡុងដ៍ សម្រេចបន្តធ្វើបត្យាប័នរូបលោកម្តងទៀត ដោយលើកឡើងថា លោក Assange មិនមានហេតុផលផ្លូវច្បាប់ដើម្បីជំទាស់នឹងការសម្រេចចិត្តនេះទេ។

ទោះជាយ៉ាងណាភរិយារបស់គាត់ លោកស្រី Stella Assange បាននិយាយថា នឹងមានសវនាការនៅសប្តាហ៍ក្រោយ ដែលនឹងប្តឹងឧទ្ធរណ៍ម្តងទៀតចំពោះការសម្រេចចិត្តធ្វើបត្យាប័ន។

វែបសាយ WikiLeaks បានលេចចេញជារូបរាងជាលើកដំបូងក្នុងឆ្នាំ២០១០ នៅពេលដែលវាបានចេញផ្សាយឯកសារសម្ងាត់រាប់ម៉ឺន និងខ្សែការទូត ដែលនេះជាការរំលោភបំពានផ្នែកសន្តិសុខដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រយោធាសហរដ្ឋអាមេរិក៕