(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីកន្លែងផ្ទុកពិសេសបានត្រៀមរួចរាល់ចាប់ពីថ្ងៃទី ៧-៨ខែកក្កដា ដែលជាការដាក់ពង្រាយអាវុធបែបនេះក្រៅទឹកដីរុស្ស៉ីលើកដំបូង ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣។

ជាង ១៥ខែបន្ទាប់ពីសង្គ្រាមដី​គោកដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ លោក ពូទីន និយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចកំពុងបញ្ជូនអាវុធចូលទៅក្នុងអ៊ុយក្រែន ដែលជាផ្នែកនៃសង្គ្រាមប្រូកស៊ី ដែលមានបំណងកំចាត់រុស្ស៉ីពីផែនទីពិភពលោក។

គួរបញ្ជាក់ថា លោក ពូទីន បានប្រកាសកាលពីខែមីនាថា លោកចង់ដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស នៅក្នុងការព្រមានជាក់ស្តែងមួយទៅកាន់អង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ជុំវិញការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន។

លោក ពូទីន បានប្រាប់ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ថា «អ្វីៗគ្រប់យ៉ាងដំណើរការទៅតាមផែនការ»។ ទន្ទឹមគ្នានេះលោកបានគូសបញ្ជាក់ថា ការរៀបចំគ្រឿងបរិក្ខារពាក់ព័ន្ធ នឹង​​​​​​​​​​​​​​​​បញ្ចប់នៅថ្ងៃទី៧ និង៨ ខែកក្កដា ហើយថានឹងចាប់ផ្តើមភ្លាមៗនូវសកម្មភាពទាក់ទងនឹងការដាក់ពង្រាយអាវុធប្រភេទសមស្រប នៅលើទឹកដីរបស់បេឡារុស្ស៕